អឺរ៉ុប៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃចន្ទ ទី៣០ ខែសីហាថា មនុស្សជាង ២៣៦.០០០នាក់ទៀតអាចស្លាប់ដោយសារវីរុស COVID-19 នៅទ្វីបអឺរ៉ុបនៅត្រឹមថ្ងៃទី១ ខែធ្នូ ដែលជាការសម្ដែងក្ដីបារម្ភខ្លាំងចំពោះការកើនឡើងនៃការឆ្លង និងអត្រាវ៉ាក់សាំងយឺតយ៉ាវនៅទ្វីបនេះ។

ការព្រមាននេះបានកើតឡើង នៅពេលដែលពិភពលោកបានឆ្លងកាត់ចំណុចអាក្រក់បំផុត នៃការស្លាប់ចំនួន ៤.៥លាននាក់ដោយសារ COVID-19 ចាប់តាំងពីការចាប់ផ្ដើមផ្ទៃនៃជំងឺរាតត្បាតសកល នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន AFP កាលពីថ្ងៃចន្ទ។ អត្រាឆ្លងបានកើនឡើងនៅទូទាំងពិភពលោកជាថ្មីម្តងទៀត ដោយសារវីរុសបម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងខ្ពស់ ជាពិសេសក្នុងចំណោមអ្នកដែលមិនបានចាក់វ៉ាក់សាំង កំពុងវាយប្រហារលើប្រជាជន ជាទីដែលវិធានការប្រឆាំងវីរុសត្រូវបានបន្ធូរបន្ថយ។ ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទថា ការឆ្លង និងការស្លាប់បានកើនឡើងជាថ្មីម្តងទៀតនៅទ្វីបអឺរ៉ុប ជាពិសេសនៅក្នុងប្រទេសក្រីក្រនៅតំបន់បាល់កង់ តំបន់កូកាស៊ូស និងអាស៊ីកណ្តាល។
លោក Hans Kluge ប្រធានអង្គការ WHO ប្រចាំទ្វីបអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទថា “កាលពីសប្ដាហ៍មុនមានការកើនឡើងចំនួន ១១% នៃចំនួនអ្នកស្លាប់នៅក្នុងតំបន់ ជាការព្យាករណ៍គួរឱ្យជឿជាក់មួយដែលរំពឹងថានឹងមានអ្នកស្លាប់ចំនួន ២៣៦.០០០នាក់នៅទ្វីបអឺរ៉ុបនៅត្រឹមថ្ងៃទី១ ខែធ្នូ”។ អឺរ៉ុបបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 ប្រមាណ ១,៣លាននាក់រួចមកហើយរហូតមកដល់បច្ចុប្បន្ន៕
អត្ថបទ៖ សុខមាន