
លោក Hunter Biden បានដកពាក្យបណ្តឹងប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ Fox News ជុំវិញការផ្សាយរូបថតអាក្រាតកាយ និងវីដេអូរបស់លោក នៅក្នុងកម្មវិធីកម្សាន្ត «ការជំនុំជម្រះក្តីបែបចំអក» ដែលផ្តោតលើការដោះស្រាយបែបបរទេសរបស់លោក។ នេះបើយោងតាមឯកសារដាក់ទៅតុលាការដោយមេធាវីរបស់លោក កាលពីថ្ងៃអាទិត្យ (ទី២១ ខែកក្កដា)។
ឯកសារនោះមិនបានបញ្ជាក់ពីមូលហេតុនៃការដកពាក្យបណ្ដឹងដោយស្ម័គ្រចិត្តនោះទេ។ តែប្រព័ន្ធផ្សព្វផ្សាយ ABC News បានរាយការណ៍ថា លោក Hunter ដែលជាកូនប្រុសរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានទម្លាក់ចោលពាក្យបណ្ដឹងនេះ ដោយមានបំណងចង់ដាក់ពាក្យបណ្តឹងប្រឆាំងនឹងជនជាប់ចោទថ្មី ដោយការផ្សាយនោះសំអាងលើបុគ្គលម្នាក់ ដែលដឹងពីយុទ្ធសាស្ត្រផ្លូវច្បាប់របស់កូនប្រុសលោក Biden រូបនេះ។

អ្នកនាំពាក្យរបស់ប្រព័ន្ធផ្សព្វផ្សាយ Fox News Media បានប្រាប់គេហទំព័រព័ត៌មាន Axios ថា ក្រុមហ៊ុនកំពុងនិយាយឡើងវិញនូវមតិយោបល់ពីមុនថា បណ្តឹងនេះ គឺ «មានហេតុផលនយោបាយ» និង «គ្មានគុណតម្លៃ» ទេ។
ទាំងមេធាវីរបស់លោក Hunter Biden និង Fox News ក៏ដូចជាអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយរបស់សារព័ត៌មាន Fox News មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕