
នៅពេលដែលបាតុកម្មគាំទ្រប៉ាឡេស្ទីន បានធ្វើឲ្យកក្រើកបរិវេណមហាវិទ្យាល័យ នៅសហរដ្ឋអាមេរិក នៅនិទាឃរដូវនេះ ជាមួយនឹងការតវ៉ា ចំពោះការធ្វើសង្គ្រាម នៅតំបន់ហ្កាហ្សាស្ទ្រីប អ្នកគ្រប់គ្រងសាកលវិទ្យាល័យជាច្រើន បានយល់ឃើញថា ពួកគេចង់បំបាត់សកម្មភាពនេះតាមតែអាចធ្វើទៅបាន។ អ្នកខ្លះ បានចរចាជាមួយបាតុករ។ តែយ៉ាងណា មនុស្សជាច្រើនត្រូវបានចាប់បញ្ជូនទៅប៉ុស្តិ៍នគរបាល។
នៅពេលដែលសាកលវិទ្យាល័យ Columbia បានទូរសព្ទហៅនគរបាល ក្នុងខែមេសា ដើម្បីបំបែកជំរំតវ៉ា នោះគឺជាការការឃាត់ខ្លួនអ្នកតវ៉ាទ្រង់ទ្រាយធំជាលើកដំបូង។ ចាប់តាំងពីពេលនោះមក មនុស្សជាង ៣.១០០នាក់ ត្រូវបានចាប់ខ្លួន ឬឃុំខ្លួននៅតាមបរិវេណសាកលវិទ្យាល័យ នៅទូទាំងប្រទេស។ ពួកគេភាគច្រើន ត្រូវបានចោទប្រកាន់ពីបទរំលោភបំពាន ឬរំខានដល់សន្តិភាព។ អ្នកខ្លះប្រឈមនឹងការចោទប្រកាន់ធ្ងន់ធ្ងរជាងនេះ ក្នុងនោះរួមទាំងការប្រឆាំងនឹងការចាប់ខ្លួនផងដែរ។

ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែមកនេះ ការចោទប្រកាន់ជាច្រើន ត្រូវបានទម្លាក់ចោល បើទោះបីជានិស្សិតមួយចំនួន កំពុងប្រឈមនឹងផលវិបាកបន្ថែមទៀតក៏ដោយ ក្នុងនោះរួមទាំងការត្រូវបានរារាំមិនឲ្យចូលសាកលវិទ្យាល័យរបស់ពួកគេ ឬត្រូវបានដកហូតសញ្ញាបត្រផងដែរ។
លោកស្រី Delia Garza រដ្ឋអាជ្ញានៅតំបន់ Travis County ដែលបានទម្លាក់ការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ប្រឆាំងនឹងមនុស្សជាង ១០០នាក់ ដែលត្រូវបានចាប់ខ្លួននៅសាកលវិទ្យាល័យ Texas នៅទីក្រុង Austin បាននិយាយថា ការចោទប្រកាន់បែបនេះ កម្រជាអាទិភាព សម្រាប់រដ្ឋអាជ្ញាណាស់ ព្រោះវាជាបទល្មើសតូចតាច និងអហិង្សា។
លោកស្រី Garza ដែលជាអ្នកប្រជាធិបតេយ្យ បាននិយាយថា លោកស្រី ក៏បានវាយតម្លៃផងដែរថា ចៅក្រមនៅក្នុងសហគមន៍របស់ខ្លួន ទំនងជានឹងកំណត់ថា និស្សិតដែលតវ៉ានៅក្នុងបរិវេណសាកលវិទ្យាល័យរបស់ពួកគេ គឺគ្រាន់តែអនុវត្តសិទ្ធិវិសោធនកម្មលើកទី១ ប៉ុណ្ណោះ៕