កំពង់ឆ្នាំង: គម្រោងព្រែកជីកហ្វូណន ជាសសៃឈាម និងជាដង្ហើមសេដ្ឋកិច្ចថ្មីមួយទៀត សម្រាប់ប្រជាជាតិកម្ពុជា។ គម្រោងនេះ នឹងបន្ថយការចំណាយលើការ ដឹកជញ្ជូន ការកកស្ទះទំនិញ ហើយមិនបណ្ដាលឱ្យខូចខាតផ្លូវថ្នល់ឡើយ។ ឯកឧត្តម លី ណារុន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកបរិបូណ៌ បានថ្លែងបែបនេះ ក្នុងពេលឯកឧត្តមបានចុះជួបជាមួយព្រះសង្ឃ ប្រជាពលរដ្ឋ នៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ យើងគាំទ្រផែនការដាក់ចេញរបស់រដ្ឋាភិបាល ជាយុទ្ធសាស្រ្តនេះ ព្រោះប្រជាពលរដ្ឋគ្រប់រូប ចង់បានការដឹកជញ្ជូនតាមផ្លូវទឹកនេះ។ ការដឹកជញ្ជូនតាមផ្លូវនេះ វាផ្ដល់ផលប្រយោជន៍ចំនួន៣ ក្នុងនោះទី១ ការដឹកជញ្ជូនតាមផ្លូវទឹក វាមានសក្ដានុពល ដែលធ្វើឱ្យមានតម្លៃថោក ហើយជាមធ្យោបាយមួយ ដឹកជញ្ជូនបានច្រើន និងកាត់បន្ថយមិនឱ្យសឹករេចរឹលផ្លូវថ្នល់ និងកាត់បន្ថយថ្លៃដើម ជាងការដឹកជញ្ជូនតាមផ្លូវគោក និងអាកាស។ ទី២ កាលណា ព្រែកជីកមានផ្លូវទឹក គឺវាជាក្តីសង្ឃឹមសម្រាប់ពលរដ្ឋ ក៏ដូចជាបរិស្ថានបៃតងនឹងកើតឡើង។
គម្រោងព្រែកជីកហ្វូណននេះ វាបានផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំង ហើយក៏ជាច្រកសេដ្ឋកិច្ចសំខាន់មួយទៀត សម្រាប់ឱ្យកម្ពុជា ប្រកួតប្រជែងជាមួយប្រទេសជិតខាង៕ កាំង ហុងវាស្នា






