អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning និយាយប្រាប់សន្និសីទសារព័ត៌មាននាថ្ងៃចន្ទនេះថា ទីក្រុងប៉េកាំងគ្មានសេចក្តីអត្ថាធិប្បាយលើការបញ្ចប់យុទ្ធនាការបោះឆ្នោតឡើងវិញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នោះឡើយ ។
អ្នកស្រីនិយាយថា ការបោះឆ្នោតគឺជារឿងផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក ហើយក្រសួងការបរទេសចិន នឹងមិនធ្វើសេចក្តីអត្ថាធិប្បាយលើបញ្ហាមួយនេះនោះឡើយ ។
គួរឲ្យដឹងថា លោក Biden បានបញ្ចប់យុទ្ធនាស្វែងរកការជាប់ឆ្នោតឡើងវិញរបស់លោកនៅក្នុងលិខិតមួយ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីសមាជិករបស់គណបក្សប្រជាធិបតេយ្យ បានបាត់បង់ជំនឿលើភាពរឹងប៉ឹងផ្នែកផ្លូវចិត្ត និងសមត្ថភាពរបស់លោក ក្នុងការយកជ័យជម្នះលើលោក Donald Trump។
លោកបានប្រកាសពីការសម្រេចចិត្តនេះ តាមរយៈលិខិតមួយដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ហើយលោកបានគាំទ្រអនុប្រធានាធិបតី គឺលោកស្រី Kamala Harris ជាបេក្ខនារីប្រជាធិបតេយ្យរបស់គណបក្សប្រជាធិបតេយ្យ ។
តាមរយៈការដកស្រង់ខ្លះៗពីលិខិតនោះ លោក Biden បានរៀបរាប់ថា វាជាកិត្តិយសដ៏ធំធេងបំផុតក្នុងជីវិតរបស់លោក ដែលបានធ្វើជាប្រធានាធិបតីរបស់អ្នក ហើយបើទោះបីជាវាជាគោលបំណងរបស់លោក ក្នុងការស្វែងរកការជាប់ឆ្នោតឡើងវិញក៏ដោយ លោកជឿថា ផលប្រយោជន៍របស់គណបក្ស និងប្រទេសរបស់លោក គឺរឿងសំខាន់បំផុត ដែលលោកត្រូវដកខ្លួន និងផ្ដោតតែលើការបំពេញកាតព្វកិច្ច ក្នុងនាមជាប្រធានាធិបតី សម្រាប់អាណត្តិនៅសេសសល់របស់លោក ៕