ប្រភពប៉ាឡេស្ទីន បានរាយការណ៍ថា សកម្មជនបរទេសបីនាក់ដែលគាំទ្រប៉ាឡេស្ទីន បានរងរបួសកាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលការវាយប្រហារដោយអ្នកតាំងលំនៅអ៊ីស្រាអែល នៅក្នុងភូមិ Qusra ក្បែរទីក្រុង Nablus ភាគខាងជើងតំបន់វេសបែង។
ប្រភពក្នុងស្រុក បាននិយាយថា អ្នកតាំងលំនៅ បានវាយទៅលើសកម្មជន គឺស្ត្រីជនជាតិអាមេរិកពីរនាក់ និងបុរសជនជាតិអាល្លឺម៉ង់ម្នាក់ដោយដំបង ខណៈពេលដែលពួកគេ កំពុងជួយកសិករប៉ាឡេស្ទីន ក្នុងការភ្ជួរដីស្រែ និងសម្អាតស្មៅ។
យោងតាមប្រភពទាំងនេះ ភូមិ Qusra ត្រូវបានគេឃើញថា បានរងការវាយប្រហារម្តងហើយម្តងទៀតដោយអ្នកតាំងលំនៅប្រឆាំងនឹងប៉ាឡេស្ទីន និងទ្រព្យសម្បត្តិរបស់ពួកគេ។
សកម្មជនទាំងនោះ មានទំនាក់ទំនងជាមួយចលនាសាមគ្គីភាពអន្តរជាតិ (ISM) ដែលដឹកនាំដោយប៉ាឡេស្ទីន។ ISM បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអាទិត្យថា អ្នកស្ម័គ្រចិត្ត គឺជាផ្នែកមួយនៃយុទ្ធនាការ «ការពារប៉ាឡេស្ទីន» ដែលទើបតែចាប់ផ្តើមថ្មីៗនេះ និងត្រូវបានរៀបចំដោយអ្នករៀបចំមូលដ្ឋានប៉ាឡេស្ទីន។
ចលនាសាមគ្គីភាពអន្តរជាតិ (ISM)បានបន្ថែមថា ទាហានអ៊ីស្រាអែលដែលបានទៅដល់កន្លែងកើតហេតុ មិនបានចាប់ខ្លួនមនុស្សណាម្នាក់ឡើយ ហើយខ្សែទូរស័ព្ទបន្ទាន់របស់នគរបាលអ៊ីស្រាអែល បានបដិសេធមិនបញ្ជូនកងកម្លាំង ដោយប្រាប់អ្នកស្ម័គ្រចិត្ត ដែលបានហៅរកជំនួយនោះថា៖«កងទ័ពបានជូនដំណឹងដល់ពួកគេថា មិនចាំបាច់បញ្ជូនកងកម្លាំងទេ»។