ក្រុមមន្រ្តីសុខភាពតំបន់ហ្កាហ្សា និយាយនៅថ្ងៃចន្ទនេះថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ១៦នាក់ នៅទីក្រុង Khan Younis រយៈពេលភ្លាមៗក្រោយអ៊ីស្រាអែល ចេញបទបញ្ជាថ្មីឲ្យជម្លៀសមនុស្សចេញពីសង្កាត់មួយចំនួននៅក្នុងទីក្រុងមួយនេះ បន្ទាប់ពីពួកគេនិយាយថា ពួកគេនឹងបើកការវាយប្រហារជាថ្មី ។
មនុស្សរងគ្រោះ ត្រូវបានដឹកតាមរថយន្តគិលានសង្រ្គោះ និងរថយន្តទៅកាន់មន្ទីរពេទ្យ Nasser ស្របពេលសាច់ញាតិ កាន់ទុក្ខអ្នកដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយនេះ ។
យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បទបញ្ជាថ្មី ត្រូវបានចេញដើម្បីវាយប្រហារលើគោលដៅក្រុមហាម៉ាស់ រួមទាំងទីតាំងដែលគ្រាប់រ៉ុក្កែតបាញ់ចេញពីតំបន់ភាគខាងកើតទីក្រុង Khan Younis ។
ជនប៉ាឡេស្ទីន និយាយថា បទបញ្ជាជម្លៀសខ្លួននេះ មិនរួមបញ្ចូលស្ថាប័នសុខភាពនោះឡើយ ។
ជនប៉ាឡេស្ទីន អង្គការសហប្រជាជាតិ និងទីភ្នាក់ងារជំនួយអន្តរជាតិ បាននិយាយថា គ្មានកន្លែងសុវត្ថិភាពនោះទេនៅក្នុងតំបន់ហ្កាហ្សា ៕