រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃចន្ទ (ទី២២ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសហ្វីលីពីនកំពុងស្វែងរកការបង្កើតកិច្ចព្រមព្រៀងប្រើប្រាស់កងទ័ពរវាងគ្នាទៅវិញទៅមក ជាមួយប្រទេសកាណាដា បារាំង នូវ៉ែលហ៊្សេឡង់ និងប្រទេសដទៃទៀត។
រដ្ឋមន្ត្រីការពារជាតិ លោក Gilberto Teodoro បានប្រាប់បណ្តាញសារព័ត៌មាន ANC ថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងអាចត្រូវបានចុះហត្ថលេខា នៅឆ្នាំ២០២៥។
លោក Teodoro បាននិយាយថា កិច្ចព្រមព្រៀងនឹងអនុញ្ញាតឲ្យមានអន្តរប្រតិបត្តិការកាន់តែធំជាងមុន ខណៈដែលកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងនេះ អាចប្រតិបត្តិការនៅក្នុងដែនដីហ្វីលីពីន ហើយហ្វីលីពីនក៏អាចធ្វើដូច្នោះ នៅដែនដីរបស់ពួកគេវិញដែរ។ លោកបានបន្តថា៖ «វាជិតឈានដល់ចំណុចខ្ពស់បំផុតនៃសម្ព័ន្ធការពារជាតិហើយ»។
គួរបញ្ជាក់ថា កាលពីដើមខែកក្កដា ហ្វីលីពីន និងជប៉ុន បានចុះហត្ថលេខាលើកតិកាសញ្ញាយោធាដ៏សំខាន់មួយដែលអនុញ្ញាតឲ្យមានការដាក់ពង្រាយកម្លាំង នៅលើដែនដីរបស់គ្នាទៅវិញទៅមក នៅចំពោះមុខជំហរអះអាងកាន់តែខ្លាំងឡើងៗរបស់ប្រទេសចិន នៅក្នុងតំបន់៕