ក្រុមសកម្មប្រយុទ្ធស៊ីអ៊ីត នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលគេស្គាល់ថាជា«ក្រុមតស៊ូឥស្លាមនៅប្រទេសអ៊ីរ៉ាក់» បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបើកការវាយប្រហារដោយយានដ្រូន ទៅលើទីតាំងមួយ នៅទីក្រុងកំពង់ផែ Eilat នៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។
នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធឺណិត កងជីវពល បានអះអាងថា យុទ្ធជនរបស់ខ្លួន បានធ្វើការវាយប្រហារដោយយានដ្រូន នៅព្រឹកថ្ងៃអាទិត្យនៅលើ «កន្លែងសំខាន់» ក្នុងទីក្រុង Eilat។ ក្រុមនេះ បាននិយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើង «នៅក្នុងសាមគ្គីភាពជាមួយប្រជាជននៃតំបន់ហ្កាហ្សា»ហើយបានប្តេជ្ញាបន្តកំណត់គោលដៅទៅលើបន្ទាយនានារបស់សត្រូវ»។
សេចក្តីថ្លែងការណ៍នោះ មិនបានផ្តល់ព័ត៌មានលម្អិតអំពីទីតាំងគោលដៅ ឬជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះទេ។ អាជ្ញាធរអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយជុំវិញការវាយប្រហារដោយយានដ្រូននោះទេ។
ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន បានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ក្រុមតស៊ូឥស្លាមនៅអ៊ីរ៉ាក់ បានបើកការវាយប្រហារជាច្រើនលើគោលដៅអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិក នៅក្នុងតំបន់ ដោយអះអាងថា ជាការគាំទ្រដល់ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។