លោតទឹក៖ កីឡាការិនីអូស្ត្រាលី Rhiannan Iffland បានបន្តស្ថិតិអស្ចារ្យរបស់ខ្លួនបន្តទៀតក្នុងការប្រកួតលោតទឹក Red Bull Cliff Diving World Series បន្ទាប់ពីយកឈ្នះការប្រកួតលើកទី ១០ ក្នុងអាជីពនៅប្រទេសបូស្នៀចុងសប្តាហ៍កន្លងទៅ។

កីឡាការិនីវ័យ ២៩ឆ្នាំអូស្ត្រាលីរូបនេះមិនបានបង្ហាញ ពីអារម្មណ៍ព្រួយភ័យបន្តិចណាឡើយនៅពេលឈរលើស្ពានដែលមានកំពស់ ២១ម៉ែត្រដើម្បីលោតចូលទឹកទន្លេ Neretva និងរកបានពិន្ទុបំបែកកំណត់ត្រារបស់ខ្លួនផងដែរ។ ចំណែកជើងឯកពិភពលោក ៤សម័យកីឡាការិនី Adriana Jimenez សញ្ជាតិម៉ិកស៊ិកទទួលបានចំណាត់ថ្នាក់លេខ២ នៅប្រទេសបូស្នៀនេះ ខណៈលេខ៣ បានទៅកីឡាការិនីកាណាដា Jessica Macaulay។ Rhiannan Iffland នៅពេលនេះកំពុងនាំមុខគេក្នុងតារាងជើងឯកពិភពលោកដល់ទៅ ១៤០ពិន្ទុ។
ងាកមកការប្រកួតផ្នែកបុរស Gary Hunt ដែលមិនឈ្នះសោះនៅក្នុងឆ្នាំ២០២១ នេះ ទីបំផុតរកជ័យជំនះដំបូងរបស់ខ្លួនបាននៅទឹកដីបូស្នៀ និងជាជ័យជំនះលើកទី៤០ ក្នុងអាជីពនៅព្រឹត្តិការណ៍លោតទឹក Red Bull Cliff Diving World Series នេះ។ អ្នកលេខ២ នៅប្រទេសបូស្នៀនេះគឺកីឡាករ Nikita Popovici ខណៈលេខ៣ គឺកីឡាកររុស្ស៊ី Nikita Fedotov។ បន្ទាប់ពីទឹកដីបូស្នៀ Cliff Diving World Series នឹងបន្តដំណើរទៅទឹកដីសាធារណរដ្ឋអៀកឡង់នៅថ្ងៃទី១២ ខែកញ្ញា៕
អត្ថបទ៖នាង សុភាវុធ