នៅថ្ងៃចន្ទនេះ កងកម្លាំងប្រដាប់អាវុធបង់ក្លាដែស បានល្បាតតាមផ្លូវក្នុងទីក្រុងដាកា ស្របពេលដែលបំរាមគោចរនៅតែបន្តមាន ក្រោយការប៉ះទង្គិចគ្នារវាងក្រុមបាតុករដែលជានិស្សិត និងកងកម្លាំងប្រដាប់អាវុធ បានសម្លាប់មនុស្សយ៉ាងហោច ១៤៧នាក់ នៅទូទាំងប្រទេសនៅអាស៊ីខាងត្បូងមួយនេះ ។
ក្រុមបាតុករ បានទុកពេលឲ្យរដ្ឋាភិបាលរយៈពេល ៤៨ម៉ោង ដើម្បីដោះលែងមេដឹកនាំបាតុកម្ម ដកចេញបំរាមគោចរ និងបើកសាកលវិទ្យាល័យឡើងវិញ ដែលបានបិទចាប់តាំងពីថ្ងៃសុក្រ ទី ១៧ ខែកក្កដារហូតមក ។
មនុស្សរាប់ពាន់នាក់ បានរងរបួស នៅក្នុងបាតុកម្មកាលពីសប្តាហ៍មុន ពេលដែលក្រុមនិស្សិត ដង្ហែក្បួនតាមដងផ្លូវ ដើម្បីទាមទារកំណែទម្រង់ប្រព័ន្ធហត្ថពលកម្ម(កូតា)ដែលគ្រប់គ្រងការចែកចាយការងាររដ្ឋាភិបាល។
លោក Mohammad Jahangir វ័យ ២២ឆ្នាំ ដែលបម្រើការជាជាងសំណង់ និយាយថា ពួកយើងបានដើររាប់សិបគ.ម ដើម្បីស្វែងរករថយន្តក្រុងជិះទៅផ្ទះ ។
គួរឲ្យដឹងថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina បានលុបចោលប្រព័ន្ធកូតានេះ កាលពីឆ្នាំ២០១៨ ដែលក្នុងនោះ ៥៦ ភាគរយនៃការងារត្រូវបានបម្រុងទុកសម្រាប់គ្រួសារអ្នកតស៊ូដើម្បីសេរីភាព ស្ត្រី និងប្រជាជនមកពីស្រុកដែលមិនទាន់មានការអភិវឌ្ឍ ប៉ុន្តែតុលាការជាន់ទាបបានដាក់កូតានោះឡើងវិញកាលពីខែមុន ជាហេតុបង្កឲ្យកើតមានការតវ៉ាបង្ហូរឈាមគ្នា ៕