វិមានក្រឹមឡាំង និយាយនៅថ្ងៃចន្ទនេះថា វាគ្មានអ្វីភ្ញាក់ផ្អើលធំដុំនោះទេ ចំពោះការបោះបង់ចោលការប្រកួតប្រជែងបោះឆ្នោតឡើងវិញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ហើយមកទល់នឹងពេលនេះ លោកស្រីអនុប្រធានាធិបតី Kamala Harris ពុំបានចែករំលែកអ្វីនៅក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិកនោះដែរ ។
អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា ភាពប្រែប្រួលនៃរបត់នយោបាយសហរដ្ឋអាមេរិក មិនមែនជាអាទិភាពសម្រាប់ទីក្រុងម៉ូស្គូនោះឡើយ ដែលរុស្ស៊ីផ្តោតសំខាន់លើការសម្រេចឲ្យបានគោលដៅរបស់លោកប្រធានាធិបតី Vladimir Putin គឺជាប្រតិបត្តិការសឹកពិសេសនៅអ៊ុយក្រែន ។
លោកថា អនាគតនៃទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងឆ្លងកាត់ពេលវេលាដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ ដែលវាគឺជារឿងសំខាន់បំផុតចំពោះពួកយើង ។
លោក Peskov បញ្ជាក់ថា ប៉ុន្តែអាទិភាពសំខាន់បំផុតសម្រាប់បញ្ហារបស់ពួកយើង គឺសមិទ្ធិផលរបស់ពួកយើង ហើយជាការពិតណាស់ថា រឿងសំខាន់បំផុត គឺប្រតិបត្តិការសឹកពិសេសរបស់ពួកយើង ដែលពួកយើងត្រូវសម្រេចឲ្យខាងតែបាន ៕