នៅថ្ងៃចន្ទនេះ អ៊ីស្រាអែល បានប្រកាសថា ចំណាប់ថ្នូរ ២នាក់បន្ថែមទៀត បានស្លាប់ ពេលស្ថិតក្រោមការបង្ខំាងខ្លួនរបស់ក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា ខណៈកិច្ចប្រជុំដើម្បីទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់ រួមទាំងការដោះលែងចំណាប់ថ្នូរប្រហែល ១២០នាក់ គ្រោងនឹងចាប់ផ្តើមឡើងវិញនៅក្នុងសប្តាហ៍នេះ ។
យោធាអ៊ីស្រាអែល និយាយថា ពួកគេកំពុងស៊ើបអង្កេតករណីស្លាប់របស់ចំណាប់ថ្នូរ ២នាក់ គឺលោក Yagev Buchshtab ដែលជាអ្នកបច្ចេកទេសសំឡេងវ័យ ៣៥ឆ្នាំ និងលោក Alex Dancyg គឺជាប្រវត្តិវិទូ វ័យ ៧៦ឆ្នាំ ដែលត្រូវបានចាប់ជម្រិតចេញពីផ្ទះរបស់ពួកគេនៅជិតព្រំដែនតំបន់ហ្កាហ្សា អំឡុងការវាយប្រហាររបស់ក្រុមហាម៉ាស់លើតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ ។
ការស្លាប់របស់ពួកគេ បានឆ្លុះបញ្ចាំងមួយពីសោកនាដកម្មនៃផលវិបាកក្នុងកិច្ចចរចាស្វែងរកបទឈប់បាញ់ ។
ក្រុមចរចាអ៊ីស្រាអែល នឹងចាប់ផ្តើមសម្របសម្រួលបទឈប់បាញ់នៅតំបន់ហ្កាហ្សានាថ្ងៃព្រហស្បតិ៍ខាងមុខនេះ រួមទាំងការដោះលែងចំណាប់ថ្នូរ ជាការដោះដូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន ។
មកទល់នឹងពេលនេះ ក្រុមអាជ្ញាធរអ៊ីស្រាអែល បានប្រកាសការស្លាប់របស់ចំណាប់ថ្នូរចំនួន ៣នាក់ ពេលស្ថិតនៅក្នុងការបង្ខាំងខ្លួនរបស់ក្រុមហាម៉ាស់ ៕