ក្រុមគ្រូពេទ្យគ្មានព្រំដែន(MSF)និយាយនៅថ្ងៃចន្ទនេះថា ជនស៊ីវិលនៅក្នុងប្រទេសស៊ូដង់ បានទទួលរងអំពើហិង្សាដ៏អាក្រក់បំផុត អំឡុងជម្លោះរយៈពេលជាង ១ឆ្នាំរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ដោយពួកគេប្រឈមនឹងការវាយប្រហារម្តងហើយម្តងទៀត ការបំពាន និងការកេងប្រវ័ញ្ចដោយភាគីទាំង ២ ។
MSF និយាយនៅក្នុងរបាយការណ៍ថា របួសរាងកាយ និងផ្លូវចិត្តនៃអំពើហិង្សា កាន់តែធ្ងន់ធ្ងរដោយសារការដួលរលំប្រព័ន្ធសុខភាព និងកង្វះខាតការឆ្លើយតបមនុស្សធម៌អន្តរជាតិ ។
ក្រុមការងាររបស់ពួកគេ បានព្យាបាលមនុស្សរងរបួសរាប់ម៉ឺននាក់ នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារការបំផ្ទុះគ្រាប់បែក ការផ្លោងគ្រាប់កាំភ្លើងធំលើផ្ទះសម្បែងប្រជាពលរដ្ឋ ហើយនិងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ។
ពួកគេបានចោទប្រកាន់ភាគីបង្កសង្រ្គាមទាំង ២ ថាពុំបានគោរពជីវិតមនុស្ស និងច្បាប់អន្តរជាតិ ។
សូមបញ្ជាក់ថា សង្រ្គាមស៊ូដង់ បានផ្ទុះឡើងកាលពីខែមេសា ឆ្នាំ ២០២៣ បង្កឡើងដោយសារផែនការធ្វើសមាហរណកម្មកងទ័ព និងកងកម្លាំងប្រដាប់អាវុធ ជាការផ្លាស់ប្តូរទៅរកការបោះឆ្នោតដោយសេរី បន្ទាប់ពីការផ្តួលរំលំជនផ្តាច់ការ Omar al-Bashir កាលពីឆ្នាំ ២០១៩ ៕