ក្រុមជនអន្តោប្រវេសន៍ដែលត្រូវបានជួយសង្រ្គោះនៅលើនាវារបស់ក្រុមគ្រូពេទ្យគ្មានព្រំដែន បានចែករំលែករឿងរ៉ាវឈឺចាប់របស់ពួកគេ ក្រោយពេលដែលពួកគេត្រូវបានជួយសង្រ្គោះ អំឡុងប្រតិបត្តិការផ្សេងៗគ្នា ។
លោក Hsein Al-Khous វ័យ ២០ឆ្នាំ បានរត់ភៀសខ្លួនចេញពីទីក្រុងកំណើតដាម៉ាស់ ដើម្បីគេចចេញពីសង្រ្គាមស៊ីវិលស៊ីរី ដោយមានគោលបំណងទៅដល់ប្រទេសអ៊ីតាលី ហើយបន្ទាប់មកជួបជុំសាច់ញាតិរបស់គាត់នៅក្នុងប្រទេសអាល្លឺម៉ង់ ។
លោកបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា បើសិនជាអ្នកបដិសេធន៍មិនព្រមកាន់អាវុធ ពួកគេនឹងសម្លាប់អ្នកចោល ។
ចំណែកឯនាង Blessing វ័យ ២០ឆ្នាំមកពីប្រទេសនីហ៊្សេរីយ៉ា និយាយថា នាងបានចេញពីប្រទេសកំណើតរបស់នាង ហើយនិងបានទៅដល់ប្រទេសលីប៊ី ជាទីដែលនាងត្រូវបាននគរបាលចាប់ខ្លួន រួចដាក់ពន្ធនាគារ ។
នាងបន្តថា ប្តីប្រពន្ធលីប៊ី បានទិញនាងធ្វើជាទាសករ ហើយនិងបង្ខាំងនាងទុករយៈពេល ៥ឆ្នាំ ដោយមិនព្រមអនុញ្ញាតឲ្យនាងទាក់ទងជាមួយគ្រួសារនាងឡើយ ។
ដោយឡែក លោក Shahid វ័យ ២៤ឆ្នាំ មកពីប្រទេសប៉ាគីស្ថាន និយាយថា លោកត្រូវបានគេធ្វើទារុណកម្មនៅក្នុងប្រទេសលីប៊ីអស់រយៈពេល ៣ខែ ហើយឥឡូវគាត់ចង់ទៅអឺរ៉ុប ដើម្បីជួយគ្រួសាររបស់លោក ។
សូមបញ្ជាក់ថា អន្តោប្រវេសន៍ ២២៦នាក់ ត្រូវបានជួយសង្រ្គោះដោយនាវា Geo Barents របស់ក្រុមគ្រូពេទ្យគ្មានព្រំដែន នៅតាមផ្លូវទៅកាន់ប្រទេសអ៊ីតាលី ៕
