
សហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទ (ទី២២ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា ប្លុកនេះបានសម្រេចបើកកិច្ចសន្ទនា ស្តីអំពីសេរីភាវូបនីយកម្មផ្នែកទិដ្ឋាការ ជាមួយប្រទេសអាមេនី ដែលមន្ត្រីការបរទេសរបស់ទីក្រុង Yerevan បានពណ៌នាថា ជា «ព្រឹត្តិការណ៍ដ៏សំខាន់» សម្រាប់ទំនាក់ទំនងនៃសម្ព័ន្ធមិត្តជាប្រពៃណីរបស់រុស្ស៊ីជាមួយប្លុក។
ក្រុមប្រឹក្សា EU នៅលើគេហទំព័ររបស់ខ្លួន បានឲ្យដឹងថា ប្លុកបានសម្រេចបើកកិច្ចចរចាទិដ្ឋាការជាមួយទីក្រុង Yerevan ក៏ដូចជាការផ្តល់ជំនួយចំនួន ១០លានអឺរ៉ូ (១០.៨៩លានដុល្លារ) ដល់យោធារបស់ប្រទេសអាមេនីផងដែរ។

គួរបញ្ជាក់ថា អាមេនី ដែលជាប្រទេសនៅតំបន់ Caucasus ខាងត្បូង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានកសាងទំនាក់ទំនងយ៉ាងប្រញាប់ប្រញាល់ជាមួយបណ្តាប្រទេសលោកខាងលិច ចំពេលមានទំនាក់ទំនងកាន់តែស្អិតល្មួតជាមួយសម្ព័ន្ធមិត្តរុស្ស៊ី ដែលមន្ត្រីអាមេនីបានចោទប្រកាន់ថា មិនបានការពារប្រទេសរបស់ខ្លួនពីការប៉ះទង្គិចជាមួយប្រទេសជិតខាង និងគូអរិដ៏យូរអង្វែង គឺប្រទេសអាស៊ែបៃហ្សង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអាមេនី លោក Ararat Mirzoyan បាននិយាយថា៖ «នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅនៃភាពជាដៃគូ រវាងអាមេនី និងសហភាពអឺរ៉ុប ដោយផ្អែកលើតម្លៃ និងគោលការណ៍រួម»៕