
ឆ្មាំល្បាតឆ្នេររបស់ប្រទេសក្រិក នៅថ្ងៃចន្ទ (ទី២២ ខែកក្កដា) នេះ បានបដិសេធការចោទប្រកាន់របស់ទួរគី ដែលថា ខ្លួនបានបង្ខំជនអន្តោប្រវេសន៍ពីម្ដុំកោះ Lesbos របស់ប្រទេសក្រិកឲ្យចូលទៅក្នុងដែនទឹករបស់ទួរគី។
ក្រសួងការពារជាតិរបស់ទួរគី បានបង្ហោះវីដេអូថតតាមយានដ្រូន នៅលើវេទិកាបណ្ដាញសង្គម X ដោយបង្ហាញពីនាវាឆ្មាំល្បាតឆ្នេររបស់ក្រិក ដែលត្រូវបានចោទប្រកាន់ថា បានជំរុញឲ្យទូកដឹកជនអន្តោប្រវេសន៍ចូលទៅក្នុងដែនទឹករបស់ទួរគី។ ទួរគីបានអះអាងថា ខ្លួនបានជួយសង្គ្រោះជនអន្តោប្រវេសន៍ទាំងនោះ បន្ទាប់ពីទទួលបានដំណឹង។

មន្ត្រីឆ្មាំល្បាតឆ្នេរជាន់ខ្ពស់មួយរូបរបស់ក្រិក បានប្រាប់ថា នេះមិនមែនជាការបង្ខំជំរុញឲ្យចាកចេញនោះទេ ប៉ុន្តែជាការទប់ស្កាត់មិនឲ្យមានការចូលដោយខុសច្បាប់ ក្នុងដែនទឹករបស់ក្រិក។ ប្រទេសក្រិក ដែលជាច្រកចូលដ៏សំខាន់មួយទៅកាន់សហភាពអឺរ៉ុប សម្រាប់ជនអន្តោប្រវេសន៍មកពីតំបន់មជ្ឈិមបូព៌ា អាស៊ី និងអាហ្រ្វិក ត្រូវបានចោទប្រកាន់ដោយក្រុមជំនួយថា បានបង្ខំឲ្យចាកចេញដោយខុសច្បាប់។
ប្រទេសក្រិក និងទួរគី ដែលជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ មានជម្លោះជាមួយគ្នាជាយូរមកហើយ ជុំវិញដែនទឹក ធនធានថាមពល ការហោះហើរលើសមុទ្រ Aegean និងការបែងចែកកោះស៊ីប។ ហេតុការណ៍នេះបានកើតឡើងភ្លាមៗ បន្ទាប់ពីខួបលើកទី៥០ នៃការលុកលុយរបស់ទួរគីលើកោះស៊ីប៕