អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បាននិយាយកាលពីថ្ងៃចន្ទ (២២ កក្កដា) ថា ការកសាងវណ្ណៈកណ្តាលនឹងស្ថិតនៅចំកណ្តាលនៃការប្រជែងតំណែងប្រធានាធិបតីរបស់ខ្លួន ជាមួយនឹងអាទិភាពផ្សេងទៀត រួមទាំងការគ្រប់គ្រងកាំភ្លើង និងសិទ្ធិបន្តពូជ។

លោកស្រី Harris បាននិយាយទៅកាន់បុគ្គលិកយុទ្ធនាការមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានដកខ្លួនពីការប្រកួតប្រជែង ហើយបានគាំទ្រអនុប្រធានាធិបតីរូបនេះ សម្រាប់ការតែងតាំងពីគណបក្សប្រជាធិបតេយ្យ។
លោកស្រី Harris បាននិយាយថា៖ «យើងតស៊ូរួមគ្នាដើម្បីកសាងជាតិ ដែលមនុស្សគ្រប់រូបមានការថែទាំសុខភាពសមរម្យ កម្មករគ្រប់រូបទទួលបានប្រាក់កម្រៃល្អប្រសើរ និងមនុស្សចាស់អាចចូលនិវត្តន៍ប្រកបដោយសេចក្តីថ្លៃថ្នូរ។ នោះហើយជាគោលដៅនៃតំណែងប្រធានាធិបតីរបស់ខ្ញុំ»។

លោក Biden ដែលបានដកខ្លួនពីការប្រជែងអាណត្តិថ្មី ស្របពេលមានការបារម្ភពីវ័យ និងសុខភាព បានហៅទូរសព្ទចូលទៅក្នុងព្រឹត្តិការណ៍យុទ្ធនាការរបស់លោកស្រី Harris ។ ក្នុងសំឡេងបែបស្អករបស់ខ្លួន លោក Biden បានកោតសរសើរអនុប្រធានាធិបតីរបស់ខ្លួនចំពោះការប្ដជ្ញាចិត្តរបស់លោកស្រី។
លោកស្រី Harris វ័យ ៥៩ឆ្នាំបានគូសបញ្ជាក់អំពីគោលនយោបាយជាបន្តបន្ទាប់ ដែលខ្លួនសន្យាថានឹងបន្ត រួមទាំងការចុះហត្ថលេខាលើច្បាប់ដើម្បីការពារសិទ្ធិរំលូតកូន និងហាមប្រាមប្រភេទកាំភ្លើងវាយប្រហារ៕