នាយកសេវាសម្ងាត់អាមេរិក លោកស្រី ឃីមប៊ឺលី ឈាថល (Kimberly Cheatle) បានច្រានចោលការអំពាវនាវទ្វេបក្សដែលទាមទារឱ្យលាលែងពីតំណែងជុំវិញការបរាជ័យផ្នែកសន្តិសុខ ដែលអនុញ្ញាតឱ្យមានខ្មាន់កាំភ្លើងបង្ករបួសដល់បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) និងធ្វើឱ្យសមាជិកសភាកាន់តែមិនពេញចិត្តដោយការបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីឧប្បត្តិហេតុនេះ។

ប្រធានគណៈកម្មាធិការត្រួតពិនិត្យសភាតំណាងរាស្រ្តអាមេរិកខាងបក្សសាធារណរដ្ឋ លោក ជេមស៍ ខូមឺ (James Comer) និងអ្នកប្រជាធិបតេយ្យជាន់ខ្ពស់ លោក ជេមី រ៉ាសឃីន (Jamie Raskin) ដែលជាធម្មតាខ្វែងគំនិតគ្នាយ៉ាងជូរចត់លើបញ្ហាភាគច្រើន ពេលនេះបានរួបរួមគ្នាអំពាវនាវឱ្យលោកស្រី Cheatle ចុះចេញពីតំណែង។

ក្នុងអំឡុងពេលជាង ៤ម៉ោងកន្លះនៃដំណើរការក្នុងសភា លោកស្រី Cheatle បានហៅការបាញ់ប្រហារនៅថ្ងៃទី១៣ ខែកក្កដា នោះថា «ជាបរាជ័យដ៏ធំបំផុតនៃប្រតិបត្តិការនៅសេវាសម្ងាត់ក្នុងពេលជាច្រើនទសវត្សរ៍» ដោយប្រៀបធៀបហេតុការណ៍នោះទៅនឹងការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតី លោក រ៉ូណល រ៉េហ្កាន (Ronald Reagan) ឆ្នាំ១៩៨១ ប៉ុន្តែលោកស្រីបានបដិសេធម្តងហើយម្តងទៀតចំពោះការអំពាវនាវឱ្យចុះចេញពីតំណែង។
សវនាការកាលពីថ្ងៃចន្ទនេះ គឺជាជុំទីមួយនៃការត្រួតពិនិត្យសភាលើការប៉ុនប៉ងធ្វើឃាតលើលោក Trump នៅឯការប្រមូលផ្តុំយុទ្ធនាការនៅខាងក្រៅនៅទីក្រុង បាត់ល័រ (Butler) រដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) ខណៈរហូតមកដល់ពេលនេះ មូលហេតុនៅមិនទាន់ច្បាស់នៅឡើយ៕