ម្ចាស់ជំនួយរបស់គណបក្សប្រជាធិបតេយ្យ បានដាក់បញ្ចូលចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅក្នុងយុទ្ធនាការរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris ក្នុងរយៈពេល២៤ ម៉ោង ចាប់តាំងពីលោក Joe Biden បានលាឈប់ពីការប្រកួតប្រជែងតំណែងនៅសេតវិមាន និងបានគាំទ្រដល់អ្នករួមដំណែងរបស់លោក។

យុទ្ធនាការរបស់លោកស្រី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា ក្រុមរបស់លោកស្រី Harris រៃអង្គាសប្រាក់បានចំនួន៨១លានដុល្លារអាមេរិក ក្នុងរយៈពេល២៤ម៉ោងដំបូងរបស់ខ្លួន។ សេចក្តីថ្លែងការណ៍ បានអះអាងថា នេះគឺជាការកើនឡើងច្រើនបំផុតក្នុងរយៈពេល២៤ម៉ោង ក្នុងប្រវត្តិសាស្ត្រប្រធានាធិបតី។

លោកស្រី Harris វ័យ៥៩ឆ្នាំ ទទួលបានការគាំទ្រយ៉ាងឆាប់រហ័សពីសំណាក់សមាជិកគណបក្សប្រជាធិបតេយ្យជាច្រើន បន្ទាប់ពីទទួលបានការគាំទ្រពីលោក Biden កាលពីថ្ងៃអាទិត្យ។
នៅពេលនេះ យុទ្ធនាការរបស់លោកស្រី ទំនងជាបានផ្ដល់ថាមពលដល់ម្ចាស់ជំនួយទាំងធំតូច ដែលជាការផ្លាស់ប្តូរពីអំឡុងពេលមិនច្បាស់លាស់ បន្ទាប់ពីការអនុវត្តន៍ជជែកដេញដោល ពុំបានល្អរបស់លោក Biden ទល់នឹងលោក Trump ដែលតាមសេចក្តីរាយការណ៍ នៅពេលនោះម្ចាស់ជំនួយធំៗ បានបញ្ឈប់ការរៃអង្គាសថវិកា។