ក្រុមមន្ត្រី បាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ បានបាញ់ប្រហារនៅក្នុងផ្ទះថែទាំមនុស្សចាស់មួយកន្លែង ក្នុងប្រទេសក្រូអាស៊ី កាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់ នៅក្នុងករណីដ៏កម្រនៃអំពើហិង្សាដោយកាំភ្លើង នៅក្នុងប្រទេសតំបន់បាល់កង់មួយនេះ។
យោងតាមនគរបាលបានឱ្យដឹងថា មនុស្ស៥នាក់ និងបុគ្គលិកម្នាក់ បានស្លាប់ បន្ទាប់ពីខ្មាន់កាំភ្លើង បានចូលទៅក្នុងផ្ទះថែទាំឯកជនមួយកន្លែង នៅភាគខាងកើតប្រទេសក្រូអាស៊ី។

ខ្មាន់កាំភ្លើង បានរត់គេចខ្លួនពីកន្លែងកើតហេតុ ហើយក្រោយមក ត្រូវបានចាប់ខ្លួននៅហាងកាហ្វេមួយ ជាកន្លែងដែលខ្មាន់កាំភ្លើងកាន់អាវុធមិនបានចុះបញ្ជី។

ស្នងការនគរបាលជាតិ ប្រទេសក្រូអាស៊ី លោក Nikola Milina បាននិយាយថា បុរសនោះ មានឈ្មោះនៅក្នុងកំណត់ត្រារបស់នគរបាលកាលពីពេលមុន សម្រាប់ការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ និងសកម្មភាពបំពានក្នុងស្រុក។
ដំបូងមន្ត្រីបានរាយការណ៍ថា មនុស្សប្រាំនាក់បានស្លាប់ក្នុងការបាញ់ប្រហារ ប៉ុន្តែ លោក Milina បានបញ្ជាក់ថា ជនរងគ្រោះទី៦បានស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ។ លោក Marin Piletic រដ្ឋមន្ត្រីក្រសួងគោលនយោបាយសង្គម បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Daruvar ថា នេះគឺជាឧក្រិដ្ឋកម្មដែលពុំធ្លាប់មានពីមុនមក។
នៅក្នុងករណីនៃការបាញ់ប្រហារនេះ នគរបាលបានបិទទ្វារផ្ទះថែទាំឯកជនដែលមានទីតាំងនៅតាមបណ្តោយផ្លូវស្ងាត់មួយក្នុងទីក្រុង Daruvar ជាកន្លែងដែលហ្វូងមនុស្ស បានមកប្រមូលផ្តុំគ្នា និងតាមដានមើល នៅពេលដែលក្រុមធ្វើកោសល្យវិច្ច័យ បានចូលទៅក្នុងផ្ទះថែទាំមនុស្សចាស់។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក្រោយមកបានពណ៌នាអំពីអ្នកបាញ់ប្រហារដែលសង្ស័យថាជាមន្ត្រីយោធាចូលនិវត្តន៍ ជាអ្នកដែលបានប្រយុទ្ធក្នុងសង្គ្រាមដណ្តើមឯករាជ្យរបស់ប្រទេសក្រូអាស៊ីអំឡុងពេលការបែងចែកដ៏បង្ហូរឈាមជាមួយប្រទេសយូហ្គោស្លាវី ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៥។