ប្រធានាធិបតី ប្រទេសហ្វីលីពីន លោក Ferdinand Marcos Jr កាលពីថ្ងៃចន្ទ បានបញ្ជាឱ្យហាមឃាត់ជាបន្ទាន់ លើប្រតិបត្តិការហ្គេមអនឡាញភាគច្រើនដំណើរការដោយជនជាតិចិន នៅក្នុងប្រទេសហ្វីលីពីន ដោយចោទប្រកាន់ពួកគេ ពីបទហានិភ័យក្នុងឧក្រិដ្ឋកម្ម រួមមានការបោកប្រាស់លុយ ការជួញដូរមនុស្ស ការធ្វើទារុណកម្ម ការចាប់ជំរិត និងអំពើឃាតកម្ម។

លោក Marcos បាននិយាយនៅក្នុងសុន្ទរកថារដ្ឋរបស់លោកថា ហ្វីលីពីន នឹងជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពការពារ ដោយបង្កើតសម្ព័ន្ធភាពសន្តិសុខជាមួយប្រទេសជាមិត្ត ដើម្បីប្រយុទ្ធប្រឆាំងការគំរាមកំហែងដល់ផលប្រយោជន៍ទឹកដីរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ហើយប្រទេសរបស់លោក គ្រាន់តែមានបំណងដោះស្រាយជម្លោះតែតាមរយៈការទូតប៉ុណ្ណោះ។

ការសម្រេចចិត្តរបស់ លោក Marcos ក្នុងការដាក់បម្រាមការលេងល្បែងតាមប្រព័ន្ធអនឡាញ ដំណើរការដោយជនជាតិចិន ដែលតាមការប៉ាន់ប្រមាណមានចំនួនច្រើនជាង៤០០កន្លែង នៅទូទាំងប្រទេសហ្វីលីពីន និងបានជួលបុគ្គលិកជនជាតិចិន និងពលរដ្ឋនៅអាស៊ីអាគ្នេយ៍រាប់ម៉ឺននាក់ ដែលចំណាត់ការនេះ បានធ្វើឡើងក្នុងពេលមានការបង្ក្រាបរបស់រដ្ឋាភិបាល ដែលកំពុងបន្តគាំទ្រដោយទីក្រុងប៉េកាំង។

បម្រាមនេះ បាននាំទៅដល់ការបិទអគារធំៗជាច្រើនកន្លែង ដែលអាជ្ញាធរសង្ស័យថា ជនជាតិចិន វៀតណាម និងជនជាតិផ្សេងទៀតរាប់ពាន់នាក់ ដែលភាគច្រើនមកពីប្រទេសអាស៊ីអាគ្នេយ៍ ត្រូវបានជ្រើសរើសដោយខុសច្បាប់ និងបង្ខំឱ្យធ្វើការក្នុងស្ថានភាពដ៏គួរឱ្យអាណិត។