ក្រសួងការបរទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃចន្ទ (២២ កក្កដា) ថា ហ្វីលីពីននឹងបន្តអះអាងសិទ្ធិរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីបានឈានដល់ «កិច្ចព្រមព្រៀងបណ្តោះអាសន្ន» ជាមួយប្រទេសចិន អំពីបេសកកម្មផ្គត់ផ្គង់ឡើងវិញរបស់ខ្លួនដល់ថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលមានជម្លោះ។

ខណៈដែលក្រសួងការបរទេសចិន និងក្រសួងការបរទេសហ្វីលីពីន (DFA) មិនបានផ្តល់ព័ត៌មានលម្អិតពីការរៀបចំនេះ ទីក្រុងម៉ានីលបាននិយាយថា វានឹងមិនធ្វើឱ្យខូចជំហរជាតិរៀងៗខ្លួនរបស់ភាគីទាំងពីរឡើយ។ ក្រសួងការបរទេសចិនបានបញ្ជាក់ពី «ការរៀបចំបណ្តោះអាសន្ននេះ» ដោយភាគីទាំងពីរបានព្រមព្រៀងគ្រប់គ្រងការខ្វែងគំនិតគ្នានៃដែនសមុទ្រ និងកាត់បន្ថយភាពតានតឹង។

ចិនទាមទារស្ទើរតែទាំងមូលនៃសមុទ្រចិនខាងត្បូង រួមទាំងដែនទឹក សេខិន ថូម៉ាស ស្ហូល ជាទីដែលហ្វីលីពីន ចតនាវាកងទ័ពជើងទឹកដ៏ចំណាស់ដើម្បីពង្រឹងការទាមទារដែនសមុទ្ររបស់ខ្លួន។ ទីក្រុងម៉ានីល តែងតែបញ្ជូនបេសកកម្មផ្គត់ផ្គង់ដល់ទាហានដែលឈរជើងនៅដែនទឹកនោះ ដោយប្រែក្លាយវាទៅជាចំណុចប៉ះទង្គិចជាមួយទីក្រុងប៉េកាំង។

ក្រសួងការបរទេសចិន បានរំលឹកឡើងវិញនូវការទាមទាររបស់ខ្លួនដែលឱ្យហ្វីលីពីនដកនាវាចម្បាំងនោះចេញ ហើយបាននិយាយថាខ្លួននឹងមិនព្រមឱ្យទីក្រុងម៉ានីល ដឹកជញ្ជូនសម្ភារសាងសង់ក្នុងចំនួនដ៏ច្រើនទៅកាន់ដែនទឹកនោះទេ៕