ប្រភពយុទ្ធនាការបោះឆ្នោតបានប្រាប់សារព័ត៌មានរ៉យទ័រថា អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ទទួលបានការគាំទ្រលើសពីចំនួនប្រតិភូដែលត្រូវការដើម្បីឈ្នះការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យនៅយប់ថ្ងៃចន្ទ (២២ កក្កដា)។

យោងតាមការបូកសរុបរបស់សារព័ត៌មាន AP បានឱ្យដឹងថា លោកស្រី Harris មានប្រតិភូចំនួន ២.២១៤នាក់ ដែលលើសពីចំនួនសំឡេងភាគច្រើនធម្មតាដែលត្រូវការដើម្បីឈ្នះការតែងតាំងពីបក្ស។ សារព័ត៌មាន AP បាននិយាយថា ការស្ទង់មតិនេះគឺមិនផ្លូវការទេ ដោយសារប្រតិភូបក្សប្រជាធិបតេយ្យមានសេរីភាពក្នុងការបោះឆ្នោតនៅពេលដែលគណបក្សជ្រើសរើសបេក្ខជនរបស់ខ្លួនជាផ្លូវការ។

បក្សប្រជាធិបតេយ្យនឹងត្រូវប្រថុយប្រថានជាប្រវត្តិសាស្ត្រ បើពេលនេះខ្លួនងាកទៅជ្រើសរើសលោកស្រី Harris វ័យ ៥៩ឆ្នាំឱ្យក្លាយជាបេក្ខភាពប្រធានាធិបតី ដោយភ្នាល់ថាស្ត្រីស្បែកខ្មៅម្នាក់អាចយកឈ្នះលើប្រវត្តិការរើសអើងជាតិសាសន៍ និងការរើសអើងភេទ ដើម្បីយកឈ្នះលើបេក្ខភាពគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump)។

ទោះជាទទួលបានការសរសើរក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះក្ដី ក៏អ្នកប្រជាធិបតេយ្យមួយចំនួននៅតែមានការព្រួយបារម្ភអំពីភាពរង្គោះរង្គើរបស់លោកស្រី Harris ក្នុងតំណែងរយៈពេលពីរឆ្នាំដំបូងរបស់ខ្លួន រយៈពេលខ្លីពេកសម្រាប់យុទ្ធនាការ ហើយភាគច្រើនគឺការបារម្ភជុំវិញប្រវត្តិដ៏យូរលង់នៃការរើសអើងនៅសហរដ្ឋអាមេរិក៕