សភាអ៊ីស្រាអែល បានផ្តល់ការអនុម័តជាបឋមកាលពីថ្ងៃចន្ទ (២២ កក្កដា) ចំពោះសេចក្ដីស្នើច្បាប់ដែលប្រកាសថាអង្គការជំនួយសង្គ្រោះដ៏សំខាន់របស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន (UNRWA) ជាអង្គការភេរវកម្ម ហើយស្នើឱ្យផ្តាច់ទំនាក់ទំនងជាមួយស្ថាប័ននេះ។

ការបោះឆ្នោតប្រឆាំងនឹងទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នេះគឺជាជំហានចុងក្រោយបង្អស់ក្នុងការជំរុញរបស់អ៊ីស្រាអែល ប្រឆាំងនឹងស្ថាប័នជំនួយមួយនេះ ដែលថ្នាក់ដឹកនាំអ៊ីស្រាអែលបានចោទប្រកាន់ថាបានសហការជាមួយចលនាអ៊ីស្លាមនិយមហាម៉ាស នៅហ្កាហ្សា។ សេវាព័ត៌មានសភាអ៊ីស្រាអែលបាននិយាយថា សំណើនេះត្រូវបានអនុម័ត ហើយនឹងត្រូវប្រគល់ជូនគណៈកម្មាធិការកិច្ចការបរទេស និងការពារជាតិដើម្បីពិភាក្សាបន្ថែម។

UNRWA ផ្តល់ការអប់រំ សុខភាព និងជំនួយដល់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់នៅតំបន់ហ្កាហ្សា តំបន់ វេសបែង (West Bank) ប្រទេសហ្ស៊កដានី លីបង់ និងស៊ីរី។ ទីភ្នាក់ងារនេះមានភាពតានតឹងជាមួយអ៊ីស្រាអែលយូរមកហើយ ប៉ុន្តែទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំងចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅហ្កាហ្សា ហើយអ៊ីស្រាអែល បានអំពាវនាវម្តងហើយម្តងទៀតឱ្យ UNRWA ត្រូវបានរំសាយ។

អ៊ីស្រាអែលនិយាយថា បុគ្គលិក UNRWA រាប់រយនាក់ជាសមាជិកនៃក្រុមភេរវករ រួមទាំងក្រុមហាម៉ាស និងជីហាតអ៊ីស្លាម ប៉ុន្តែមិនទាន់ផ្តល់ភស្តុតាងច្បាស់លាស់នៅឡើយទេ។ ប្រទេសម្ចាស់ជំនួយជាច្រើនបានបញ្ឈប់ការផ្តល់មូលនិធិដល់ UNRWA បន្ទាប់ពីការចោទប្រកាន់នេះ ប៉ុន្តែបានបន្តជំនួយឡើងវិញបន្ទាប់ពីលទ្ធផលនៃការស៊ើបអង្កេតមួយចំនួន៕