កោះតៃវ៉ាន់ បានកាត់បន្ថយទ្រង់ទ្រាយហ្គេមសង្រ្គាម (សមយុទ្ធ) ហានខ័ង (Han Kuang) ប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃអង្គារ (២៣ កក្កដា) នេះខណៈដែលព្យុះទីហ្វុង ហ្កែមី (Gaemi) បានបោកបក់ឆ្ពោះទៅកាន់កោះ ហើយត្រូវបានគេរំពឹងថានឹងនាំមកនូវខ្យល់កន្រ្តាក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង។

ព្យុះ Gaemi ដែលជាព្យុះទីហ្វុងដំបូងនៃរដូវកាលនេះសម្រាប់កោះតៃវ៉ាន់ ត្រូវបានគេរំពឹងថានឹងបោកបក់ដល់ដីនៅតំបន់ឆ្នេរភាគឦសានចន្លោះពេលណាមួយនៅយប់ថ្ងៃពុធ (២៤ កក្កដា) និងព្រឹកថ្ងៃព្រហស្បតិ៍ (២៥ កក្កដា) នេះបើយោងតាមរដ្ឋបាលអាកាសធាតុកណ្តាលរបស់តៃវ៉ាន់។

អាជ្ញាធរការពារជាតិបាននិយាយថា សមយុទ្ធយោធា ហានខ័ង ប្រចាំឆ្នាំរបស់តៃវ៉ាន់ដែលធ្វើឡើងក្នុងសប្តាហ៍នេះ ត្រូវបានកាត់បន្ថយ រួមទាំងការលុបចោលសមយុទ្ធយន្តហោះចម្បាំងនៅតំបន់ឆ្នេរភាគខាងកើត។ អ្នកនាំពាក្យ លោក ស៊ុន លីហ្វាង (Sun Li-fang) បានប្រាប់អ្នកយកព័ត៌មាននៅឯមូលដ្ឋានទ័ពអាកាស ហ័រលៀន (Hualien) ថា «ផលប៉ះពាល់ពីព្យុះទីហ្វុងនាពេលនេះនៅលើឆ្នេរភាគខាងកើតនាំឱ្យមានការកែសម្រួលសមយុទ្ធតាមអាកាស និងកងទ័ពជើងទឹកមួយចំនួន»។

ខណៈពេលដែលព្យុះទីហ្វុងអាចបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំង កោះតៃវ៉ាន់ក៏ពឹងផ្អែកលើព្យុះទាំងនោះដើម្បីបំពេញអាងស្តុកទឹកឡើងវិញបន្ទាប់ពីរដូវរដូវរងាដ៏ស្ងួតហួតហែងជាទម្លាប់របស់ខ្លួន ជាពិសេសសម្រាប់ផ្នែកភាគខាងត្បូងនៃកោះ៕