កំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាឃុំ កងកម្លាំង ប្រជាពលរដ្ឋស្រុកបរិបូណ៌ បានត្រៀមរួចរាល់ដើម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ។ ក្រុមប្រឹក្សាឃុំ កងកម្លាំង ប្រជាពលរដ្ឋស្រុកបរិបូណ៌ជូនពរជ័យជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារសាងសង់ឲ្យរលូន និងទទួលជោគជ័យ ព្រោះពួកគាត់គិតថា ព្រែកជីកនេះ ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស និងប្រជាជនខ្មែរទាំងមូល។
នៅថ្ងៃទី៥ ខែសីហា វេលាម៉ៅង ៩និង៩នាទីព្រឹក ដោយគ្រប់វត្តអារាម វិហារសាសនាទាំងអស់ ត្រូវចងទង់ជាតិ ទង់ជ្វាលា ទង់សាសនា សម្អាតបរិស្ថានទីធ្លាតាមគ្រឹះស្ថានសាសនានីមួយៗឲ្យបានស្អាត និងត្រូវវាយរគាំង ទូងស្គរ ទះប៉ោត គោះត្រដោក ដើម្បីបន្លឺសំឡេងឲ្យកង់រំពង។ មកដល់ថ្ងៃនេះ គ្រប់សាលារៀន វត្តអារាម បានត្រៀមរៀបចំរួចរាល់ហើយសម្រាប់អបអរសាទរក្នុងពិធីដ៏មានសារៈសំខាន់នេះ ។
ប្រជាពលរដ្ឋបានបង្ហាញការជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលចាប់តាំងពីអាណត្តិមុនៗក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងអាណត្តិទី៧នេះក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី និងធ្វើឱ្យគម្រោងព្រែកជីក ហ្វូណនតេជោ នេះក្លាយជាផលប្រយោជន៍ជាប្រវត្តិសាស្រ្ដសម្រាប់ប្រជាជន និងប្រទេសកម្ពុជាបន្ថែមទៀត៕ កាំង ហុងវាស្នា





