ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍នៅថ្ងៃអង្គារ (២៣ កក្កដា) នេះថា កងកម្លាំងរុស្ស៊ី កំពុងធ្វើសមយុទ្ធដែលពាក់ព័ន្ធនឹងជើងទម្របាញ់មីស៊ីលនុយក្លេអ៊ែរចល័ត យ៉ាស៍ (Yars) ដោយនឹងក្លាយជាសមយុទ្ធបែបនេះលើកទីពីរក្នុងរយៈពេលតិចជាងមួយខែ។

ទីភ្នាក់ងារព័ត៌មាន អ៊ីនធើហ្វាក (Interfax) បានរាយការណ៍ថា ក្រុមជើងទម្របាញ់មីស៊ីលនៅក្នុងអាងទន្លេ វ៉ុលហ្កា (Volga) ចម្ងាយប្រហែល ៧០០គីឡូម៉ែត្រ ភាគខាងកើតទីក្រុងមូស្គូ ត្រូវបានកំណត់ឱ្យផ្លាស់ទីជាង ១០០គីឡូម៉ែត្រ និងអនុវត្តការសមយុទ្ធ និងការដាក់ពង្រាយ។

ការហ្វឹកហ្វឺននេះធ្វើឡើងបន្ទាប់ពីមានសមយុទ្ធស្រដៀងគ្នានេះនៅដើមខែកក្កដា នៅក្នុងតំបន់យ៉ាងហោចណាស់ពីរផ្សេងគ្នា ហើយកំពុងប្រព្រឹត្តទៅតិចជាងពីរខែបន្ទាប់ពីរុស្ស៊ី បានធ្វើសមយុទ្ធដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រជាមួយសម្ព័ន្ធមិត្តបេឡារុស របស់ខ្លួន។

សារព័ត៌មាន ខមមឺសាន់ (Kommersant) របស់រុស្ស៊ីបានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រព័ន្ធដែលបំពាក់ដោយមីស៊ីលមានក្បាលគ្រាប់ច្រើន អាចបាញ់ដល់គោលដៅនៅចម្ងាយ ១១.០០០គីឡូម៉ែត្រ។ ចាប់តាំងពីបើកប្រតិបត្តិការលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក រុស្ស៊ីបានធ្វើសមយុទ្ធយោធាជាច្រើនដោយខ្លួនឯង ឬជាមួយប្រទេសដទៃទៀត៕