ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U19 ហ្វីលីពីន នាវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្នុងការប្រកួតជើងឯកយុវជនអាស៊ាន ASEAN U19 Boy’s Championship ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូនេស៊ី ។

នេះគឺជាជំនួបបង្គ្រប់កិច្ចពូលA របស់ក្រុមគោព្រៃជំទង់កម្ពុជា ក្រោយរងបរាជ័យ ២ប្រកួតផ្ទួនៗ និងបាត់បង់ឱកាសឡើងវគ្គបន្ដ ក្នុងព្រឹត្តិការណ៍បាល់ទាត់យុវជនប្រចាំតំបន់នេះ ដោយប្រកួតទី១ បានចាញ់ក្រុមយុវជនទីម័រខាងកើត ៣-២ និងប្រកួតបន្ទាប់ចាញ់ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ២-០ កាលពីចុងសប្ដាហ៍កន្លងទៅ ។ លទ្ធផលនេះ បានធ្វើឲ្យអ្នកគាំទ្រហាក់មិនពេញចិត្តជាខ្លាំង ក្រោមការដឹកនាំរបស់លោក ភា សុភ័ក្ដ្រា ។
សម្រាប់ក្រុម U19 ហ្វីលីពីន ក៏មិនខុសពីកម្ពុជា ដ្បិតពួកគេនៅសល់ឱកាសស្ដួចស្ដើងបំផុត ក្នុងការអ៊ុតឱកាសប្រជែងកៅអីវគ្គបន្ដ ប្រសិនបើពួកគេ អាចយកឈ្នះក្រុម U19 កម្ពុជាច្រើនគ្រាប់ ។ ករណីបើហ្វីលីពីន ស្មើ ឬចាញ់កម្ពុជាវិញ ពួកគេនឹងអស់ឱកាសតែម្ដង ។ ចំណែកក្រុមត្រូវឡើងទៅវគ្គ ៤ក្រុមចុងក្រោយ ក្រៅពីក្រុមលេខ១ ប្រចាំពូលនីមួយៗ ភាគរយខ្ពស់ គឺក្រុមលេខ២ ពូលC ដែលនឹងទទួលបានឱកាសមាស ក្នុងនាមក្រុមលេខ២ ល្អជាងគេ ដ្បិតក្រុម U19 ថៃ កំពុងឈរកំពូលតារាងក្រុមលេខ២ ល្អជាងគេ មាន ៦ពិន្ទុ និងនៅសល់ ១ប្រកួតក្នុងដៃថែមទៀត ៕អត្ថបទ លី ឈុនឡា
