បាល់ទាត់៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសលុបចោលការប្រកួតបាល់ទាត់ជម្រើសជើងឯកបាល់ទាត់នារី និងជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និង ១៨ឆ្នាំរដូវកាលឆ្នាំ២០២០ ជាស្ថាពរហើយ ក្រោយពន្យារពេលការប្រកួតអស់កន្លះឆ្នាំ បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ចំពោះលីគនារីដែលបានរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រវិញ ត្រូវបានសហព័ន្ធសម្រេចផ្ដល់ចំណាត់ថ្នាក់លេខ១ ស្ទួនដល់ក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង និងក្រុមកំពង់ស្ពឺ-ណាហ្គាវើលដ៏។ យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយឆ្លងកាត់ការជជែក និងពិចារណាយ៉ាងម៉ត់ចត់លើសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ រហូតមកទល់បច្ចុប្បន្ននៅមិនទាន់ធូរស្រាល បានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពប្រមូលផ្ដុំហ្វឹកហាត់តាមរាជធានី-ខេត្ត និងមិនអាចបន្ដការប្រកួតតាមកាលវិភាគបាន ហេតុនេះសហព័ន្ធក៏សម្រេចលុបចោលការប្រកួតទាំង៣ តែម្ដង។
ជាមួយការសម្រេចលុបការប្រកួតនេះ សម្រាប់លីគនារីដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ក៏ត្រូវបានសម្រេចផ្ដល់ចំណាត់ថ្នាក់លេខ១ ស្ទួនដល់បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រទាំង ២ក្រុមគឺក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង និងក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៏។ ចំណែកការប្រកួតជម្រើសជើងឯកយុវជន U15 និង U18 ពុំមានការសម្រេចក្រុមជ័យលាភីដល់ក្រុមណាមួយឡើយ ដ្បិតពានរង្វាន់យុវជនទាំងពីរមិនទាន់បញ្ចប់ការប្រកួតជម្រុះក្នុងពូលនោះទេ។ យ៉ាងណាមិញតាមការអះអាងលើបណ្ដាញសង្គម របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា បន្ទាប់ពីសម្រេចលុបចោលការប្រកួតពានរង្វាន់ទាំង៣ សហព័ន្ធក៏កំពុងរៀបចំការប្រកួតសម្រាប់រដូវកាលថ្មីផងដែរ៕
អត្ថបទ៖ លី ឈុនឡា