ទូរទស្សន៍ Al Jazeera TV ដែលមានមូលដ្ឋាននៅប្រទេសកាតា បានរាយការណ៍ដោយដកស្រង់សម្តីអ្នកសម្របសម្រួលនៃសកម្មភាពរដ្ឋាភិបាល ក្នុងទឹកដីប៉ាឡេស្ទីនថា រថយន្តដឹកទំនិញចំនួន ២៣៦គ្រឿង ដែលមានជំនួយមនុស្សធម៌ បានចូលហ្កាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ រួមជាមួយនឹងធុងសាំងចំនួន ៧ និងធុង ៦ ដែលមានហ្គាសសម្រាប់ចម្អិនអាហារ។

យោងតាមទូរទស្សន៍នេះ ជំនួយមនុស្សធម៌ ត្រូវបានដឹកជញ្ជូនពីប្រទេសអេហ្ស៊ីបតាមច្រក Kerem Shalom នៅក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង។
អង្គការមនុស្សធម៌ បានចោទប្រកាន់អ៊ីស្រាអែលពីការកំណត់លទ្ធភាពទទួលបានជំនួយរបស់ប្រជាជន ដោយកត់សម្គាល់ថា ការចែកចាយជំនួយនេះ កាន់តែមានគ្រោះថ្នាក់ ដោយសារការបំពានច្បាប់ និងសណ្តាប់ធ្នាប់នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

ផ្ទុយទៅវិញ អ៊ីស្រាអែល បានអះអាងថា មិនមានកំណត់ទៅលើចំនួនជំនួយដែលអាចដឹកជញ្ជូនទៅកាន់តំបន់ហ្កាហ្សាបាន ប៉ុន្តែអង្គការអន្តរជាតិ មិនអាចចែកចាយវាបានត្រឹមត្រូវទេ។ អាជ្ញាធរអ៊ីស្រាអែល បញ្ជាក់ថា ការដឹកជញ្ជូនមនុស្សធម៌ ធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ចលនាបដិវត្តន៍ហាម៉ាស។
ស្ថានការណ៍នៅមជ្ឈិមបូព៌ា បានកើនឡើងភាពតានតឹងយ៉ាងខ្លាំង បន្ទាប់ពីការជ្រៀតចូលនៃក្រុមសកម្មប្រយុទ្ធពីចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសពីតំបន់ហ្កាហ្សាស្ទ្រីប ចូលទៅក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលាឆ្នាំមុន អមដោយការចាប់ចំណាប់ថ្នូរ និងការសម្លាប់អ្នកតាំងទីលំនៅនៅតាមព្រំដែន។ អ៊ីស្រាអែល បានបើកការវាយប្រហារសងសឹកទៅលើដែនដីប៉ាឡេស្ទីន និងផ្នែកខ្លះនៃប្រទេសលីបង់ និងស៊ីរី។