ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍កាលពីថ្ងៃចន្ទថា កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានរឹបអូសយកនាវាបរទេសមួយគ្រឿង ដែលផ្ទុកប្រេងរត់ពន្ធចំនួន១,៥ លានលីត្រ នៅក្នុងដែនទឹកភាគខាងត្បូងរបស់ប្រទេសនេះ។

សារព័ត៌មាន Tasnim បានដកស្រង់សម្តីលោក Heidar Honarian Mojarad មេបញ្ជាការនៃតំបន់ទី២ នៃកងទ័ពជើងទឹក IRGC ដោយបាននិយាយថា នាវាដែលមានទង់ជាតិប្រទេសតូហ្គោ ជាមួយនឹងនាវិកបរទេសចំនួន ១២នាក់ នៅលើនោះ ត្រូវបានរឹបអូស ដោយកងកម្លាំងទ័ពជើងទឹករបស់ IRGC នៅឯឆ្នេរ សមុទ្រនៃខេត្ត Bushehr ភាគខាងត្បូង បន្ទាប់ពីមានដីការបស់តុលាការ។

លោកបានបន្ថែមថា តាមដីកាតុលាការ នាវានេះ ត្រូវបានបញ្ជូនទៅស្ថានីយរបស់ក្រុមហ៊ុនផលិតផលប្រេងនៅខេត្ត Bushehr ដើម្បីយកប្រេងរត់ពន្ធ ដែលលោកថា ជាប្រេងម៉ាស៊ូត ចេញពីនាវា។
នៅព្រឹកថ្ងៃដដែល សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីក្រុមហ៊ុនសន្តិសុខអង់គ្លេស Ambrey ដែលនិយាយថា IRGC បាន «ស្ទាក់ចាប់នាវាដឹកផលិតផលដែលគ្រប់គ្រងដោយប្រទេសអារ៉ាប់រួម ដោយមានទង់ជាតិប្រទេសតូហ្គោ ដែលផ្ទុកប្រេងឧស្ម័នសមុទ្រចំនួន ១.៥០០តោន»។
សារព័ត៌មានរ៉យទ័រ បានបន្ថែមថា៖«នាវាបានផ្ទុកប្រេងឧស្ម័នសមុទ្រនៅឆ្នេរសមុទ្រនៃប្រទេសអ៊ីរ៉ាក់ហើយត្រូវបានកំណត់គោលដៅទៅកាន់ទីក្រុង Sharjah នៃប្រទេសអារ៉ាប់រួម»។