នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani បាននិយាយកាលពីថ្ងៃចន្ទថា បញ្ហាគ្រឿងញៀនបានរួមចំណែកយ៉ាងសំខាន់ដល់អស្ថិរភាពក្នុងតំបន់ ហើយបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនេះ។

លោក Al-Sudani បានធ្វើការអត្ថាធិប្បាយរបស់ខ្លួននៅឯការបើកសន្និសិទអន្តរជាតិក្រុងបាកដាដលើកទី ២ស្តីពីការប្រឆាំងគ្រឿងញៀន ដែលមានការចូលរួមដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភ្នាក់ងារអនុវត្តគ្រឿងញៀនមកពីប្រទេសអារ៉ាប់ និងក្នុងតំបន់ចំនួន ៩។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់លោក al-Sudani ។

លោក បាននិយាយថា៖«គ្រឿងញៀន និងសារធាតុដែលធ្វ់ឲ្យប៉ះពាល់ដល់ដំណើរការខួរក្បាល គឺជាកត្តាចម្បងនៃអស្ថិរភាពក្នុងតំបន់» ដោយបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងក្រុមភេរវករ និងក្រុមឧក្រិដ្ឋជនគ្រឿងញៀន មានគោលបំណងបង្កើតតំបន់ដាច់ស្រយាលដែលគ្មានច្បាប់គ្រប់គ្រង។
លោក al-Sudani បានលើកឡើងថា៖«គោលដៅនៃគ្រឿងញៀន និងអំពើភេរវកម្ម គឺដើម្បីធ្វើឲ្យជម្លោះរាលដាល និងពង្រីកតំបន់នៃអំពើហិង្សា ធ្វើឲ្យមានភាពជ្រុលនិយម និងជនភៀសខ្លួន កាន់តែច្រើន ឡើង»។
លោក Al-Sudani បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល ដើម្បីប្រឈមមុខនឹងការគំរាមកំហែងគ្រឿងញៀន ដោយនិយាយថា៖«តាមរយៈការបង្រួបបង្រួមកិច្ចខិតខំប្រឹងប្រែង និងបង្កើនការសម្របសម្រួលរួមគ្នា យើងអាចសម្រេចបាននូវគោលដៅដែលចង់បាន គឺសង្គមគ្មានគ្រឿងញៀន»។