ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការជឿជាក់ថា នៅចុងឆ្នាំ២០២០នេះ កិច្ចសន្យាផលិតកម្មកសិកម្ម រវាងក្រុមហ៊ុន និងសហគមន៍កសិកម្មនៅកម្ពុជា នឹងកើនដល់ ០១ពាន់កិច្ចសន្យា ខណៈដែលបច្ចុប្បន្នបានឈានដល់ជាង៧០០រួចទៅហើយ។
មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័តមាន ក្រោយចប់ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មលើដំណាំកសិ ឧស្សាហកម្ម និងស្រូវសរីរាង្គ រវាងក្រុមហ៊ុន និងសហគមន៍កសិកម្មនៅប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដើម្បីពង្រីកវិសាលភាពឲ្យបានកាន់តែទូលំទូលាយ ទៅដល់សហគមន៍ផ្សេងៗទៀត ក្នុងទិសដៅចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងសាកលភាវូបនីយកម្ម គិតត្រឹមចុងខែកញ្ញានេះ ការចុះកិច្ចសន្យាផលិតកសិកម្មបានកើនឡើងដល់ជាង៧០០កិច្ចសន្យា ទៅលើប្រភេទផលិតផលកសិកម្មជាច្រើនមុខដូចជា ស្រូវពូជ ស្រូវសរីរាង្គ ស្រូវចំណី ម្រេច ស្ករត្នោត បន្លែ ដំឡូងមីសរីរាង្គ មាន់ស្រែ ជ្រូក។ល។
ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា នាពេលខាងមុខ កិច្ចសន្យាបែបនេះនឹងអាចកើនហូតដល់ចំនួន ១០ម៉ឺន ២០ម៉ឺន ឬ០១លានកិច្ចសន្យា ដោយសារទំហំផលិតកសិកម្មមានភាពធំធេងណាស់ គ្រាដែលកម្ពុជាកំពុងពង្រីកលទ្ធភាពនេះ។
ទាក់ទងនឹងកិច្ចសន្យាខាងលើ លោក ឆាត់ ឈៀង ប្រធានសហគមន៍កសិកម្មរំដួលម្លូព្រៃ ស្ថិតនៅខេត្តព្រះវិហារ បានយល់ឃើញថា តាមរយៈកម្មវិធីនេះពិតជាល្អណាស់សម្រាប់ប្រជាកសិករក្នុងការទិញនិងលក់កសិផល ព្រោះថា បើគ្មានកិច្ចសន្យា នោះក៏គ្មានទំនុកចិត្តគ្នាផងដែរ ជាពិសេសធ្វើឱ្យតម្លៃធ្លាក់ចុះ ច្រើនជាងឡើងថ្លៃ ដោយសារមានឈ្មួញកណ្តាលចាំចចារ។
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មលើដំណាំកសិ ឧស្សាហកម្ម និងស្រូវសរីរាង្គថ្ងៃនេះ បានប្រព្រឹត្តទៅ រវាងរោងម៉ាស៊ីនកិនស្រូវចំនួន៤ ជាមួយសហគមន៍កសិកម្មសរុបចំនួន៥០ លើផលិតផលស្រូវសរីរាង្គក្នុងបរិមាណជាង ២ម៉ឺនតោន និងដំឡូងមីសរីរាង្គជាង ៣ម៉ឺនតោន ដោយមានសហគមន៍កសិកម្មក្នុងខេត្តចំនួន៦ គឺខេត្តតាកែវ, កំពង់ស្ពឺ, កំពត, កំពង់ឆ្នាំង, មណ្ឌលគិរី និងខេត្តព្រះវិហារ។ ដោយឡែកក្រុមហ៊ុនចំនួន៤ ដែលបានចុះកិច្ចសន្យា រួមមាន ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា, ក្រុមហ៊ុន អេមរុ រ៉ាយកម្ពុជា, ក្រុមហ៊ុន សាញណេតធ័រ អហ្វ អេស៊ា (Signatures of Asia) និងក្រមហ៊ុន បាយ័នហេរីធេច៕ អត្ថបទ៖ឈិត បូរ៉ាវី
