
អ្នកនាំពាក្យរបស់ប្រទេសចិនដីគោក កាលពីថ្ងៃចន្ទ (ទី២២ ខែកក្កដា) បាននិយាយថា ការកត់សម្គាល់របស់ក្រុមបំបែកខ្លួនដែលបានធ្វើឡើងនាពេលថ្មីៗនេះដោយលោក Lai Ching-te មេដឹកនាំរបស់កោះតៃវ៉ាន់ បានលាតត្រដាងជាថ្មីម្តងទៀតនូវធម្មជាតិពិតរបស់អ្នកដឹកនាំរូបនេះថា ជាសកម្មជនដ៏រឹងត្អឹង និងចារីនៃការទាមទារ «ឯករាជ្យរបស់កោះតៃវ៉ាន់»។
លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានធ្វើការកត់សម្គាល់បែបនេះ ដើម្បីជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងវោហាសាស្ត្របំបែកខ្លួនរបស់លោក Lai ដោយអំពាវនាវឲ្យមាននូវអ្វី ដែលហៅថា អធិបតេយ្យភាព និងអត្តសញ្ញាណជាតិរបស់កោះតៃវ៉ាន់។
អមដោយការកត់សម្គាល់ថា កោះតៃវ៉ាន់ គឺជាផ្នែកមួយរបស់ប្រទេសចិននោះ លោក Chen បាននិយាយថា កោះតៃវ៉ាន់មិនធ្លាប់ជា ហើយនឹងមិនក្លាយជាប្រទេសនោះឡើយ។

លោក Chen បាននិយាយថា អាជ្ញាធរនៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) របស់កោះតៃវ៉ាន់ បានធ្វើមិនដឹងមិនឮពីប្រវត្តិសាស្រ្ត ការពិត និងឆន្ទៈសាធារណៈ ដោយបានប្រកាន់ខ្ជាប់យ៉ាងចចេសរឹងរូសទៅនឹងជំហរផ្តាច់ខ្លួននៃការចង់បាន «ឯករាជ្យរបស់កោះតៃវ៉ាន់» ហើយបានងាកទៅប្រឆាំងនឹងគោលការណ៍ចិនតែមួយ ដែលបណ្តាលឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងៗ នៅក្នុងច្រកសមុទ្រតៃវ៉ាន់។
ជាមួយគ្នានេះ លោក Chen បានអំពាវនាវដល់ជនរួមជាតិនៅទូទាំងច្រកសមុទ្រឲ្យប្រឆាំងដាច់ខាត ចំពោះសកម្មភាពញុះញង់របស់អាជ្ញាធររបស់លោក Lai និងគណបក្ស DPP ក្នុងការស្វែងរក «ឯករាជ្យកោះតៃវ៉ាន់» ហើយចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុត្រឹមត្រូវ ដើម្បីលើកកម្ពស់ការបង្រួបបង្រួម ដោយសន្តិវិធីរបស់ប្រទេសចិន៕