ស៊ីហ្គេម៖ ក្រុមហ៊ុនទទួលសិទ្ធិសាងសង់ភូមិកីឡានៃពហុកីឡដ្ឋានជាតិមរតកតេជោ បានអះអាងជាថ្មីដោយសន្យានឹងពន្លឿនការសាងសង់ឲ្យរួចរាល់តាមផែនការ ដើម្បីត្រៀមស្វាគមន៍ប្រតិភូ និងអត្តពលិកដែលនឹងមកចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។

នេះបើតាមការបញ្ជាក់របស់អ្នកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge Sport Village ក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងក្រោយបញ្ចប់កិច្ចប្រជុំថា ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនសាងសង់ភូមិកីឡា បានបំពេញកាតព្វកិច្ចក្នុងការរៀបចំ ឲ្យមានវឌ្ឍនភាពការងារសាងសង់ឲ្យទាន់ពេលវេលា ហើយតាមការអះអាងឡើងវិញរបស់អ្នកឧកញ៉ា សៀ ឬទ្ធី នឹងមិនធ្វើឲ្យខូចកិត្តិយសរបស់ជាតិជាតិទេ ដោយនឹងជំរុញការសាងសង់ឲ្យបានរួចរាល់តាមផែនការ ដើម្បីត្រៀមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជា។

ការធានា និងអះអាងឡើងវិញនេះបានធ្វើឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ មានទំនុកចិត្ត ពិសេសខាងជំនាញសម្រាប់តម្រូវការចាំបាច់មួយចំនួន ឲ្យក្រុមហ៊ុនមានការគិតគូបន្ថែម។ អ្វីដែលសំខាន់ សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្ដល់អនុសាសន៍ដ៏សំខាន់ ដោយជំរុញធ្វើយ៉ាងណាឲ្យក្រុមហ៊ុនសម្រេចឲ្យបានទាន់ពេលវេលា និងបន្ថែមនូវតម្រូវការចាំបាច់ផ្នែកបច្ចេកទេសមួយចំនួន ស្របតាមការបទដ្ឋានបច្ចេកទេស និងការចង់បានរបស់ក្រុមការងារជំនាញ។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា ដំណើរការនៃការវិវឌ្ឍន៍ភូមិកីឡាដែលជាចំណុចយុទ្ធសាស្ត្រសំខាន់ ដើម្បីជំរុញឲ្យការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ទទួលបានជោគជ័យគឺការស្នាក់នៅ-ហូបចុកដែលមានលក្ខណៈស្តង់ដារអន្តរជាតិ ខាងផ្នែករៀបចំការប្រកួតកីឡាដែលតម្រូវឲ្យមានភូមិកីឡា សម្រាប់ស្វាគមន៍ប្រតិភូ និងអត្តពលិកប្រកបដោយសេចក្ដីថ្លៃថ្នូរ និងកិត្តិយសជាតិ។
តាមផែនការ ដំណើរការសាងសង់ភូមិកីឡាដែលកំពុងសាងសង់ យ៉ាងមមាញឹកលើផ្ទៃដីប្រមាណ ៨ហិចតាក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលសាងសង់ជាបន្ទប់ និងខុនដូសរុបជាង ១,៧០០បន្ទប់ បំពាក់ដោយគ្រឿងបរិក្ខារទំនើបៗនឹងត្រូវបញ្ចប់នាចុងឆ្នាំ២០២២ ដោយភូមិកីឡានេះអាចបម្រើឲ្យការស្នាក់នៅរបស់ប្រតិភូ អត្តពលិក មន្ត្រីបច្ចេកទេស ប្រមាណ ១ម៉ឺននាក់អំឡុងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣៕
អត្ថបទ៖ លី ឈុនឡា