កោះកុង៖ អាជ្ញាធរ មន្រ្តីរាជការ និងប្រជាពលរដ្ឋ ជាច្រើននាក់ បាននាំគ្នាផ្លាស់ប្តូររូបភាពProfile fb ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានស្ថាបនាគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ។
លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បានឱ្យដឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះថា ថ្នាក់ដឹកនាំ ក្រុមមន្រ្តីរាជការតាមការិយាល័យនីមួយ មេឃុំ មេភូមិ និងប្រជាពលរដ្ឋ បានបង្ហាញការគាំទ្រពេញទំហឹងគម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ព្រោះថា វាផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ។
លោកអភិបាលស្រុកស្រែអំបិល មើលឃើញថា កម្ពុជានឹងលែងពឹងផ្អែកដង្ហើមប្រទេសជាតិដកទៀតហើយចំពោះការដឹកជញ្ជូនទំនិញពាណិជ្ជកម្មតាមរយៈផ្លូវទឹក នៅពេលដែលមានព្រែកជីកហ្វូណនតេជោ ស្ថាបនារួចរាល់ចប់សព្វគ្រប់ទៅថ្ងៃមុខ។
គួរកត់សម្គាល់ថា កម្ពុជាពិតជាអាចទទួលនូវអត្ថប្រយោជន៍ជាច្រើនមហាសាល ដូចជា ការកាត់ បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ និងចិញ្ចឹម សត្វ ជាដើម។ ព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចព្រែកតាកែវ ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ពោលគឺត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប ដែលមានប្រជាជនសរុបប្រមាណ ២លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ៕អត្ថបទ៖ ឈឹម មករា






