
នាយក និងអ្នកគ្រប់គ្រងក្រុមហ៊ុន Kobayashi Pharmaceutical ដែលជាក្រុមហ៊ុនអាហារបំប៉នដ៏ធំរបស់ប្រទេសជប៉ុន បាននាំគ្នាប្រកាសលាលែងពីតំណែង នៅថ្ងៃអង្គារ (ទី២៣ ខែកក្កដា) នេះ។ ការលាលែងរបស់ពួកគេកើតមានឡើងនៅពេលដែលក្រុមហ៊ុនស៊ើបអង្កេតការស្លាប់ចំនួន ៨០ករណី ដែលប្រហែលជាមានទំនាក់ទំនងជាមួយថ្នាំគ្រាប់បញ្ចុះកូឡេស្តេរ៉ុលមានផ្ទុកមេដំបែក្រហម ដែលត្រូវបានចម្រាញ់ដោយផ្សិតពិសេស។
អង្ករដំបែក្រហម ត្រូវបានប្រើប្រាស់អស់ជាច្រើនសតវត្សរ៍មកហើយ នៅអាស៊ីបូព៌ា ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏សក្តានុពលរបស់វា ក្នុងនោះរួមទាំងការធ្វើឲ្យកម្រិតកូឡេស្តេរ៉ុលប្រសើរឡើងផងដែរ។ តែទោះយ៉ាងណាក្ដី វាក៏អាចបណ្តាលឲ្យខូចសរីរាង្គផងដែរ អាស្រ័យលើសមាសធាតុគីមីរបស់វា។

គួរបញ្ជាក់ថា ក្រុមហ៊ុនបានប្រមូលម៉ាកថ្នាំគ្រាប់ចំនួន ៣ប្រភេទរបស់ខ្លួនមកវិញ កាលពីខែមីនា បន្ទាប់ពីទទួលបានពាក្យបណ្តឹង អំពីការបង្កឲ្យមានបញ្ហាតម្រងនោម។ ក្រោយមក ពួកគេបានរកឃើញអាស៊ីតពុល ដែលផលិតពីផ្សិត នៅឯរោងចក្រមួយរបស់ពួកគេ ដោយជំរុញឲ្យមានការត្រួតពិនិត្យពីរដ្ឋាភិបាល។
កាលពីខែមុន ក្រុមហ៊ុនបានប្រកាសថា ខ្លួនកំពុងស៊ើបអង្កេតថា តើការស្លាប់នេះ មានទាក់ទងនឹងថ្នាំគ្រាប់របស់ខ្លួន និងថា តើសរីរាង្គផ្សេងទៀត ត្រូវបានប៉ះពាល់ដែរ ឬទេ។ រដ្ឋាភិបាលបានរិះគន់ពីការយឺតយ៉ាវ ក្នុងការរាយការណ៍ពីករណីនេះ។
ប្រធានថ្មីរបស់ក្រុមហ៊ុន គឺលោក Satoshi Yamane ខណៈដែលប្រធានជិតផុតអាណត្តិ លោក Akihiro Kobayashi នឹងបន្តដោះស្រាយបញ្ហាសំណង។ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងបានទទួលស្គាល់ពីស្ថានភាពធ្ងន់ធ្ងរ៕