ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បំណាក់ដី ២លើក នៅតំបន់ភាគខាងត្បូងប្រទេសអេត្យូពី បានកើនឡើងដល់ជាង ១៥០នាក់ ។
យោងតាមការអះអាងរបស់លោក Markos Melese គឺជាប្រធានទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយជាតិនៅតំបន់ Gofa និយាយនាថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ អាចនឹងកើនឡើងបន្ថែមទៀត ។
លោក Melese និយាយថា ប្រតិបត្តិការរុករនៅតែបន្ត ហើយមាននូវសាកសពមនុស្សជាច្រើនទៀត ដែលពុំទាន់ត្រូវបានរកឃើញ ។
ក្រុមមន្រ្តី បានរាយការណ៍កាលពីថ្ងៃចន្ទថា មនុស្សជាង ៥០នាក់ បានស្លាប់ក្នុងហេតុការណ៍បំណាក់ដីនេះ ។
គួរឲ្យដឹងថា ក្រោយភ្លៀងធ្លាក់ខ្លាំងកាលពីយប់កន្លងទៅ បណ្តាលឲ្យមានបំណាក់ដីលើកដំបូង ហើយបន្ទាប់មកបំណាក់ដីលើកទី ២ បានកប់ពន្លិចមនុស្សដែលជួបជុំគ្នា ដើម្បីជួយជនរងគ្រោះនៅក្នុងបំណាក់ដីលើកទី ១ ។
សូមបញ្ជាក់ថា តំបន់នេះ ធ្លាប់បានជួបប្រទះគ្រោះបំណាក់ដីដ៏សោកនាដកម្មកាលពីមុនមក ដោយមានមនុស្សយ៉ាងហោចណាស់ ៣២ នាក់បានស្លាប់កាលពីឆ្នាំ២០១៨ កន្លងទៅ ៕
