អាមេរិក៖ ប្រធានាធិបតី Joe Biden កំពុងការពារការដោះស្រាយបញ្ហាការដកអាមេរិកចេញពីអាហ្វហ្គានីស្ថាន រួមទាំងការជម្លៀសចុងក្រោយចេញពីព្រលានយន្តហោះក្រុងកាប៊ុល។ នៅក្នុងសុន្ទរកថានៅឯសេតវិមានកាលពីថ្ងៃអង្គារ លោក Biden បាននិយាយថា លោកទទួលខុសត្រូវចំពោះការសម្រេចចិត្តនេះ ហើយថាវាដល់ពេលបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថានបន្ទាប់ពី ២០ឆ្នាំ។

សេតវិមានបាននិយាយថា កងកម្លាំងអាមេរិកបានជួយជម្លៀសពលរដ្ឋអាមេរិក ជនបរទេស និងអាហ្វហ្គានីស្ថានជាង ១២ម៉ឺននាក់បន្ទាប់ពីក្រុមតាលីបង់បានគ្រប់គ្រងប្រទេសនេះឡើងវិញ។ កងកម្លាំងចម្រុះក៏បានជម្លៀសពលរដ្ឋ និងជនជាតិអាហ្វហ្គានីស្ថានរបស់ពួកគេផងដែរ។ ប៉ុន្តែប្រទេសមួយចំនួន និងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានទទួលស្គាល់ថា ពួកគេមិនបានជម្លៀសអ្នកទាំងឡាយដែលចង់ចាកចេញនោះទេ។
មនុស្សរាប់ពាន់នាក់ដែលបានធ្វើការជាមួយអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនក៏ដូចជាជនជាតិអាមេរិករហូតដល់ ២០០នាក់បានបន្តនៅក្នុងប្រទេសនេះ បន្ទាប់ពីការហោះហើរដ៏ធំបានបញ្ចប់ដោយទាហានអាមេរិកចុងក្រោយ ដែលបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិកាប៊ុល មុនពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ៕
អត្ថបទ៖ សុខមាន