
ប្រទេសទុយនីស៊ី កាលពីថ្ងៃចន្ទ បានបញ្ជូននាវាទី១ ដែលផ្ទុកដោយស្បៀងអាហារ និងជំនួយផ្នែកវេជ្ជសាស្រ្ដចំនួន ១,៦០៩តោន ទៅកាន់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tunis Afrique Presse (TAP)។
លោក Bouthyna Gregba អ្នកនាំពាក្យផ្លូវការរបស់អឌ្ឍចន្ទក្រហមទុយនីស៊ី (CRT) ត្រូវបានដកស្រង់ សម្តីដោយសារព័ត៌មានTAP ថា៖«នាវាដឹកជំនួយមនុស្សធម៌នេះ បានចាកចេញពីកំពង់ផែ Rades នៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីទុយនីស ឆ្ពោះទៅប្រទេសអេហ្ស៊ីប ដែលជាផ្នែកនៃសាមគ្គីភាពមនុស្សធម៌ជាមួយប្រជាជនប៉ាឡេស្ទីន»។
លោក Gregba បាននិយាយថា៖«នាវាមនុស្សធម៌ បានដឹករថយន្តសង្គ្រោះចំនួនពីរគ្រឿង អង្គភាពថែទាំសុខភាពចល័តចំនួន ៤ ធុងទឹកចំនួន ១៩ អង្គភាពលាងឈាម ក៏ដូចជាថ្នាំពេទ្យ និងជំនួយស្បៀងអាហារ»។

អ្នកនាំពាក្យ CRT បានបញ្ជាក់ថា នាវានេះ នឹងចូលចតនៅកំពង់ផែ Said ប្រទេសអេហ្ស៊ីប នៅថ្ងៃទី ២៥ ខែកក្កដា ដើម្បីផ្ទុកជំនួយមនុស្សធម៌ ដែលនឹងត្រូវដឹកជញ្ជូនតាមរថយន្តទៅកាន់តំបន់ហ្កាហ្សា តាមច្រកព្រំដែន Rafah ដោយមានការសម្របសម្រួលជាមួយអាជ្ញាធរអេហ្ស៊ីប និងអឌ្ឍចន្ទក្រហមអេហ្ស៊ីប។
ជំនួយមនុស្សធម៌ទុយនីស៊ី ត្រូវបានចាត់ទុកថា ជាជំនួយដំបូងបង្អស់ដែលដឹកជញ្ជូនតាមសមុទ្រសម្រាប់ប្រជាជននៅតំបន់ហ្កាហ្សា។