ក្រុមការងារសង្រ្គោះបន្ទាន់ បានជម្លៀសប្រជាពលរដ្ឋចេញពីរថយន្តដែលជាប់នៅក្នុងទឹកជំនន់នៅខេត្តកោះភាគខាងត្បូង Hainan ប្រទេសចិន ក្រោយព្យុះ Prapiroon បោកបក់លើតំបន់នោះ ។
រូបភាពវីដេអូឃ្លីបពីទូរទស្សន៍រដ្ឋចិន CCTV ឃើញទឹកឡើងដល់ទ្វាររថយន្តអ្នកដំណើរ ។
គួរឲ្យដឹងថា ព្យុះ Prapiroon បានបោកបក់ដល់ដីគោកកាលពីថ្ងៃអាទិត្យ និងជាព្យុះកំបុតត្បូងទី ២ដែលបានវាយប្រហារប្រទេសចិន ក្នុងឆ្នាំនេះ ។
នៅក្នុងសប្តាហ៍នេះដែរ ព្យុះ Gaemi ត្រូវបានគេរំពឹងថា នឹងបោកបក់ដល់ដីគោកតំបន់ជ្រោយភាគខាងជើងកោះតៃវ៉ាន់ មុនពេលវាបោកបក់ដល់ដីគោកប្រទេសចិន ក្នុងនាមជាព្យុះទីហ្វុង ។
ទីក្រុងមួយចំនួននៅកោះតៃវ៉ាន់ អាចនឹងត្រូវបិទផ្សារហិរញ្ញវត្ថុ សាលារៀន និងការិល័យការងារ បើសិនជាពួកគេវាយតម្លៃមើលឃើញហានិភ័យខ្ពស់នៃអាកាសធាតុអាក្រក់មួយនេះ ។
ស្រុកមួយចំនួនក្នុងតំបន់ភ្នំនៅភាគកណ្តាល និងភាគខាងត្បូងកោះតៃវ៉ាន ត្រូវបានគេរំពឹងថា នឹងមើលឃើញទឹកភ្លៀងកម្ពស់ ១.៨០០មីលីម៉ែត្រ អំឡុងពេលការមកដល់របស់ព្យុះទីហ្វុង Gaemi ៕
