
ក្រុមអាជ្ញាធរ និយាយថា មនុស្សរាប់ពាន់នាក់ ត្រូវបានបញ្ជាឲ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ជាការប្រឈមនឹងការមកដល់របស់ភ្លើងឆេះព្រៃនៅតំបន់ភាគខាងត្បូងកាណាដា ដែលវាអាច លេបត្របាក់ផ្ទះសម្បែងរបស់ពួកគេនៅក្នុងសប្តាហ៍នេះ ។
គួរឲ្យដឹងថា ពលរដ្ឋប្រហែល ៩.៦០០នាក់ រស់នៅក្នុងទីក្រុង Labrador ស្ថិតក្នុងខេត្ត Newfoundland ត្រូវបានជម្លៀសខ្លួនចេញ ក្រោយភ្លើងឆេះព្រៃលែងអាចគ្រប់គ្រងបានកាលពីថ្ងៃទី ១២ ខែកក្កដាកន្លងទៅ ។

ភាគច្រើននៃពួកគេ បានធ្វើដំណើររាប់ម៉ោង អំឡុងដំណើរការជម្លៀសខ្លួន ក្នុងនោះមនុស្ស ប្រហែល ៣ពាន់នាក់ បានស្នាក់នៅបណ្តោះអាសន្ននៅទីក្រុង Happy Valley-Goose Bay ដែលមានពលរដ្ឋរស់នៅប្រហែល ៧ពាន់នាក់ ។
ខណៈពេលនោះដែរ ក្រុមអាជ្ញាធរនៅទីក្រុង Jasper បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ភ្លើងឆេះព្រៃដែលកាលពីដំបូងត្រូវបានគេរំពឹងថា នឹងឆាបឆេះមកដល់តំបន់សហគមន៍ក្នុងរយៈពេល ៥ម៉ោងទៀត លែងមានការគំរាមកំហែងទៀតហើយ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រុក រស់នៅក្នុងទីក្រុង Jasper និងឧទ្យានជាតិកាណាដា ត្រូវបានគេនិយាយប្រាប់ឲ្យចាកចេញពីផ្ទះសម្បែង ជាការប្រុងប្រយ័ត្នទុកជាមុន ៕