ភ្នំពេញ ៖ក្នុងឱកាសថ្លែងសារពិសេសនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រកាស កម្ពុជា គ្មានការកាត់ដី៤ខេត្តឱ្យវៀតណាមក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដូចជនប្រឆាំងជ្រុលនិយមបានលើកឡើងបំពុលសង្គមនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច មិនបានចុះកិច្ចព្រមព្រៀងណាមួយ ដែលបញ្ចូលដែនដីកម្ពុជា ទៅក្នុងដែនដីរបស់ប្រទេសវៀតណាមឡើយ។ ការចេញមកបញ្ជាក់បែបនេះ តាមរយៈសារពិសេសជូនពលរដ្ឋកម្ពុជាទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នាថ្ងៃទី២៣ ខែកក្កដា ក្រោយមានជនមួយចំនួនបំភ្លៃការពិត និងពលរដ្ឋកម្ពុជាមួយចំនួនយល់ច្រឡំថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ ជាកិច្ចព្រមព្រៀងកាត់បញ្ជូលខេត្តចំនួន៤ទៅក្នុងដែនដីរបស់រៀតណាម។
បើតាមការបញ្ជាក់របស់សម្ដេចតេជោ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កម្ពុជាមានកិច្ចព្រមព្រៀងជំរុញ និងសម្រួលពណិជ្ជកម្ម។ កិច្ចព្រមព្រៀងស្ដីពីការផ្លាស់ប្ដូរទំនិញ និងសេវា។ កិច្ចព្រមព្រៀងស្ដីពីការដឹកញ្ជូនតាមផ្លូវគោក កម្ពុជា-វៀតណាម និងកម្ពុជាឡាវជាដើមមិនមែនជាការកាត់ដីឱ្យគេដូចជនជ្រុលនិយមបំពុលសង្គមនិយាយនោះទេ៕
