ភ្នំពេញ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មី នៅក្នុងខេត្តចំនួន ៤៣២នាក់ ហើយក្នុងចំណោមអ្នកជំងឺទាំងអស់នេះ ត្រូវបានព្យាបាលជាសះស្បើយចំនួន ៤៨នាក់ ខណៈអ្នកជំងឺផ្សេងៗទៀត កំពុងយកចិត្តទុកដាក់ព្យាបាលថែទាំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជួរមុខ ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា សម្រាប់អ្នកជំងឺកូវីដ ១៩ ប្រភេទបំប្លែងថ្មីដែលតា (Delta) ទាំងអស់នោះ មានទាំងពលករត្រឡប់មកពីប្រទេសថៃ និងពលរដ្ឋនៅក្នុងសហគមន៍ មន្ត្រីសុខាភិបាល ប៉ុន្តែអាចគ្រប់គ្រងបាន មិនមានការឆ្លងរាលដាលធ្ងន់ធ្ងរនោះទេ ។
ឯកឧត្តម បន្តថា ចំពោះវិធានការទប់ស្កាត់កុំឲ្យឆ្លងរាលដាលជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា នេះ អាជ្ញាធរបានរៀបចំអ្នកមានដែលតា នៅមណ្ឌលព្យាបាលដាច់ដោយឡែកពីអ្នកជំងឺផ្សេង, រកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលឲ្យធ្វើចត្តាឡីស័កតាមការណែនាំ, បន្តអប់រំផ្សព្វផ្សាយ អំពី ផល ប៉ះពាល់ និងវិធានការបង្ការលើការរីករាលដាល, បន្តអនុវត្តបំរាមគោចរ និងហាមជួបជុំ និងរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តកំពុងពន្លឿងការចាក់វ៉ាក់សាំង ដោយផែនការក្នុងខេត្តបន្ទាយមានជ័យ គ្រោងចាក់វ៉ាក់សាំងដល់ពលរដ្ឋ មានអាយុចាប់ពី ១៨ឆ្នាំឡើង រួមទាំងកុមារចាប់ពីអាយុ១២ឆ្នាំ និងយុវវ័យក្រោមអាយុ១៨ឆ្នាំ ចំនួន៦៧០ ៦០៣នាក់ ។
អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងបន្តថា អ្នកមានអាយុចាប់ពី១៨ឆ្នាំឡើង ផែនការត្រូវចាក់ចំនួន ៥២ ៩៦៨១នាក់ ដោយគិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ សម្រេចការចាក់បានចំនួន ៣៧៨ ៩៣២នាក់ ស្មើនឹង៧១.៥៤ភាគរយ នៅសល់ ១៥០ ៧៤៩នាក់ ។ ផែនការចាក់ជូនកុមារអាយុ១២ឆ្នាំ និងយុវវ័យក្រោមអាយុ១៨ ឆ្នាំចំនួន ១០៤ ៩០០នាក់ និងចាក់បានដូសទី១ ចំនួន ៧៤ ៣៩៩នាក់ ស្មើនឹងចំនួន ៧១ភាគរយ នៅសល់ចំនួន ៣០ ៥២៣នាក់ ។ ដោយរហូតមកដល់ពេលនេះ សម្រេចបានចំនួន ៤៥៣ ៣៣១នាក់ ។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុ រាត្រី ក្នុងនាមថ្នាក់ដឹកនាំ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ សូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលសម្តេចបានខិតខំប្រឹងប្រែងរកវ៉ាក់សាំង មកចាក់ស្រោចជូនបងប្អូនប្រជាពលេដ្ឋ ហើយជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ សុខុមាលភាពពលរដ្ឋ ព្រោះវ៉ាក់សាំងនេះពិតជាមានសារៈប្រយោជន៍ណាស់ ជួយដល់អាយុជីវិតប្រជាពលរដ្ឋ ។
គួរបញ្ជាក់ថា រយៈពេលចុងក្រោយនេះ ខេត្តបន្ទាយមានជ័យ ការរកឃើញអ្នកវិជ្ជមានកូវីដ ១៩ មានការថយចុះជាបន្តបន្ទាប់ ខណៈពលករត្រឡប់មកពីប្រទេសថៃ ឆ្លងដែនតាមច្រកនានា ជាប់ខេត្តមួយនេះ ក៏មានការថយចុះផងដែរ ៕
អត្ថបទ ៖ បាន សុខរិទ្ធ