រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានធ្វើទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃអង្គារ (ទី២៣ កក្កដា) នេះ ដើម្បីពិភាក្សាអំពីវិធីដែលប្រទេសចិនអាចជួយបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីបាន។
ភាពជាដៃគូ «គ្មានដែនកំណត់» របស់ចិនជាមួយរុស្ស៊ី បាននាំឲ្យអង្គការណាតូដាក់ឈ្មោះថា ជា «អ្នកសម្រេច» នៃសង្គ្រាមរបស់ទីក្រុងម៉ូស្គូ បើទោះបីជាប្រទេសចិនបង្ហាញខ្លួនឯងថា មានអព្យាក្រឹតភាព និងមិនបានបញ្ជូនជំនួយបង្កគ្រោះថ្នាក់ក៏ដោយ។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ដែលជាលើកដំបូងរបស់លោក គិតចាប់តាំងពីសង្រ្គាម បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ផ្តោតលើការបញ្ឈប់ការលុកលុយរបស់រុស្ស៊ី និងស្វែងយល់ពីតួនាទីរបស់ប្រទេសចិន ក្នុងការសម្រេចបាននូវសន្តិភាព។ ចំណែកប្រទេសចិនបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសន្តិភាព និងការសន្ទនា ដោយមានការពិភាក្សាក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការចិន-អ៊ុយក្រែន។
ប្រទេសចិនបានព្យាយាមសម្រុះសម្រួល ដោយបានបញ្ជូនបេសកជនពិសេស លោក Li Hui ទៅកាន់អឺរ៉ុប និងគាំទ្រឲ្យមានការចរចាដោយផ្ទាល់ រវាងរុស្ស៊ី និងអ៊ុយក្រែន។ តែយ៉ាងណាក្ដី សំណើឆ្នាំ២០២៣ របស់មហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកនេះ ដើម្បីឲ្យមានដំណោះស្រាយនយោបាយ ត្រូវបានរិះគន់ថា អាចអនុញ្ញាតឲ្យរុស្ស៊ីបន្តរក្សាកាន់កាប់ដែនដីអ៊ុយក្រែន។
អ៊ុយក្រែនប្រឹងប្រែងឲ្យមានការចូលរួមពីប្រទេសចិន ក្នុងជំនួបកំពូលសន្តិភាពជាលើកទី២ ក្នុងគោលបំណងទាញយកឥទ្ធិពលរបស់ចិន៕