នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយប្រាប់ក្រុមគ្រួសារចំណាប់ថ្នូរដែលត្រូវបានគេចាប់យកទៅតំបន់ហ្កាហ្សាថា កិច្ចព្រមព្រៀងដែលនឹងទទួលបានការដោះលែងមនុស្សជាទីស្រលាញ់របស់ពួកគេ អាចនឹងជិតឈានដល់ ។ នេះបើយោងតាមការអះអាងរបស់ការិយាល័យលោកបានឲ្យដឹងនៅថ្ងៃអង្គារនេះ ។
លោក Netanyahu និយាយប្រាប់គ្រួសារចំណាប់ថ្នូរនៅទីក្រុងវ៉ាស៊ីងតោនកាលពីថ្ងៃចន្ទ ជាទីដែលលោកនឹងជួបប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ក្នុងសប្តាហ៍នេះថា លក្ខខណ្ឌជិតលេចចេញជាផ្លែផ្កាហើយ ។
កិច្ចខិតខំឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលត្រូវបានលើកឡើងដោយលោក Bidenកាលពីខែឧសភា និងសម្របសម្រួលដោយអេហ្ស៊ីប និងកាតា ទទួលបានសន្ទុះ កាលពីខែកន្លងទៅ ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និយាយថា ក្រុមចរចាកំពុងឆ្ពោះទៅរកខ្សែបន្ទាត់គោលដៅ ។
លោក Ruby Chen ដែលជាឪពុករបស់កូនកាត់ ២សាសន៍អាមេរិក-អ៊ីស្រាអែល Itai Chen គឺជាទាហានដែលសាកសពរបស់គាត់ត្រូវបានរក្សាទុកនៅក្នុងតំបន់ហ្កាហ្សានោះ ស្ថិតនៅក្នុងចំណោមសមាជិកគ្រួសារចំណាប់ថ្នូរដែលបានជួបជាមួយលោក Netanyahu ។
លោក Chen និយាយប្រាប់វិទ្យុកងទ័ពអ៊ីស្រាអែលថា លោក Netanyahu បាននិយាយថាលក្ខខណ្ឌជិតលេចចេញជាផ្លែផ្កាបែបនេះពិតមែន ៕