
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានសម្តែងភាពព្រងើយកន្តើយ ចំពោះការសម្រេចរបស់សហភាពអឺរ៉ុប (EU) ក្នុងការផ្លាស់ប្តូរកិច្ចប្រជុំរដ្ឋមន្ត្រីពីទីក្រុងប៊ុយដាប៉ែស (Budapest) របស់ប្រទេសហុងគ្រី ទៅកាន់ទីក្រុងប៊្រុចសែល (Brussels) របស់ប្រទេសបែលហ្ស៊ិកវិញ។
លោក Peter Szijjarto បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «វានៅតែដដែលសម្រាប់ខ្ញុំ តាំងដើមដំបូង ហើយវាក៏នៅតែគ្មានអ្វីប្រែប្រួលសម្រាប់ខ្ញុំ នាពេលឥឡូវនេះ»។

ប្រធានគោលនយោបាយការបរទេសរបស់ EU លោក Josep Borrell បានធ្វើការផ្លាស់ប្តូរនេះ បន្ទាប់ពីនាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Putin និងបេក្ខជនប្រធានាធិបតីអាមេរិក គឺលោក Donald Trump ដោយមិនមានការសម្របសម្រួលជាមួយមេដឹកនាំ EU ផ្សេងទៀត ឬប្រទេសអ៊ុយក្រែន។
លោក Borrell បាននិយាយថា ការសម្រេចនេះ គឺជាសញ្ញាតំណាងមួយ ដោយសារមិនមានការឯកភាពគ្នាក្នុងចំណោមសមាជិក EU អំពីការចូលរួមក្នុងកិច្ចប្រជុំ នៅទីក្រុង Budapest។
កិច្ចប្រជុំដែលដំបូងឡើយ គ្រោងធ្វើឡើងនៅថ្ងៃទី ២៨-២៩ ខែសីហា ត្រូវបានផ្លាស់ប្តូរទីកន្លែង ដោយសារតែប្រទេសភាគច្រើនចង់ឆ្លើយតបនឹងកិច្ចប្រឹងប្រែងរបស់លោក Orban ក្នុងការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី៕
