ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និងសម្ព័ន្ធនាំចេញអាហារ និងកសិកម្ម នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ បានរៀបចំសិក្ខាសាលារួមគ្នាមួយ ដើម្បីជំរុញការអនុវត្តប្រព័ន្ធត្រួតពិនិត្យម្ហូបអាហាររបស់កម្ពុជាឱ្យមានភាពកាន់តែរឹងមាំ ប្រទាក់ក្រឡាគ្នា និងមានប្រសិទ្ធភាព ចាប់ពីកសិដ្ឋានផលិតរហូតដល់តុអាហារ។
សិក្ខាសាលាថ្នាក់ជាតិនេះ នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែកក្កដាឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម Andrew Herrup ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងតំណាងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញបច្ចេកទេសពីក្រសួងស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ វិស័យឯកជន ស្ថាប័នស្រាវជ្រាវ សមាគមអ្នកផលិតក្នុងស្រុក និងតំណាងស្ថាប័នអន្តរជាតិ សរុបមានចំនួន ២២ស្ថាប័ន និងមានអ្នកចូលរួមសរុបជាង ១០០នាក់។ គោលបំណងនៃការរៀបចំសិក្ខាសាលាថ្នាក់ជាតិនេះ គឺដើម្បីរួមគ្នារៀបចំឱ្យមានជាផែនទីបង្ហាញផ្លូវស្ដីពីសុវត្ថិភាពម្ហូបអាហារជាតិ (National Food safety Road Map) សម្រាប់ធានាការអនុវត្តច្បាប់សុវត្ថិភាពម្ហូបអាហារឱ្យមានប្រសិទ្ធភាព មានដូចជាការពង្រឹងប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារ ការដោះស្រាយនិងឆ្លើយតបទៅនឹងស្ថានភាពបន្ទាន់ ការចែករំលែកព័ត៌មានផ្នែកតាមភស្តុតាងវិទ្យាសាស្ត្រនិងហានិភ័យ ការពង្រឹងយន្តការទំនាក់ទំនងហានិភ័យរវាងភាគីពាក់ព័ន្ធ និងការជំរុញសុវត្ថិភាពជាផ្នែកសំខាន់នៃពាណិជ្ជកម្មក្នុងប្រទេសតំបន់និងអន្តរជាតិ។
លើកឡើងក្នុងពិធីបើកសិក្ខាសាលានាព្រឹកថ្ងៃនេះ លោកជំទាវ ចម និម្មល បានមានប្រសាសន៍ថា វិស័យកសិម្ហូបអាហាររបស់កម្ពុជាផ្តល់អត្ថប្រយោជន៍សំខាន់ៗ មិនត្រឹមតែសម្រាប់ពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ប្រជាជនទាំងអស់នៅទូទាំងពិភពលោកផងដែរ។ ក្នុងបរិបទនេះ កម្ពុជាមានកាតព្វកិច្ចទទួលខុសត្រូវដើម្បីរៀបចំគោលនយោបាយនិងកម្មវិធីសម្រាប់ធានាដល់ដំណើរការអនុវត្តនិងគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារនៅតាមគ្រប់ខ្សែច្រវាក់ផលិតកម្ម ប្រកបដោយ ប្រសិទ្ធភាព កិច្ចសហការ បរិយាបន្ន និងមានតម្លាភាព ដើម្បីឈានទៅពង្រីកសមត្ថភាពឧស្សាហកម្ម និងពាណិជ្ជកម្មម្ហូបអាហាររបស់ខ្លួនឱ្យកាន់តែមានសក្ដានុពលទៅកាន់ទីផ្សារអន្តរជាតិ សំដៅរួមចំណែកលើកស្ទួយខឿនសេដ្ឋកិច្ចជាតិ និងការពារសុខភាពប្រជាពលរដ្ឋ។
សូមជម្រាបជូនថា សិក្ខាសាលានេះ នឹងរៀបចំឱ្យមានកិច្ចពិភាក្សាគ្នាដោយក្រុមអ្នកជំនាញនិងភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារ ដោយចែកចេញជា៦ប្រធានបទពិភាក្សា ដែលក្នុងនោះរួមមាន ១)ទិន្នន័យសម្រាប់ការតាក់តែងបទប្បញ្ញត្តិផ្អែកលើហានិភ័យ ២)ការត្រួតពិនិត្យម្ហូបអាហារនិង ភូតគាមអនាម័យ ៣)ការចុះបញ្ជីអាហារ និងកន្លែងដែលមានហានិភ័យខ្ពស់ ៤)ការដាក់ស្លាកសញ្ញា និងប្រព័ន្ធអង្កេតដានម្ហូបអាហារ៥)កិច្ចការស្រាវជ្រាវ និង ៦)ការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពីវិស័យឧស្សាហកម្មអាហារ ។ តាមរយៈកិច្ចពិភាក្សាទាំងនេះ នឹងលើកឡើងអំពីសារៈសំខាន់នៃតម្រូវការធនធានសម្រាប់ធានាដល់ការអនុវត្តក្របខណ្ឌបទប្បញ្ញត្តិដ៏រឹងមាំ និងមានប្រសិទ្ធភាពស្របតាមការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ជាពិសេសគឺផ្តោតលើការពង្រឹងប្រព័ន្ធស្បៀង និងការផ្ដល់ អាហារូបត្ថម្ភ សុវត្ថិភាពម្ហូបអាហារ និងការលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជនគ្រប់រូប៕







