ក្រុមអាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ថាចំនួនអ្នកស្លាប់បន្ទាប់ពីបំណាក់ដីនៅក្នុងប្រទេសអេត្យូពី បានកើនឡើងដល់ ២២៩ នាក់ ខណៈមានការរំពឹងថាចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត។

បំណាក់ដីនេះ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់ដាច់ស្រយាល Gofa Zone ភាគខាងត្បូងប្រទេសនេះកាលពីថ្ងៃចន្ទ។
មនុស្សមួយចំនួននៅតែបាត់ខ្លួនបន្ទាប់ពីមនុស្សមួយក្រុម ត្រូវបានកប់ក្រោមល្បាប់ ខណៈក្រុមជួយសង្គ្រោះកំពុងព្យាយាមស្វែងរកអ្នកផ្សេងទៀត។

លោក ម៉ាកូស ម៉េឡេសេ (Markos Melese) ប្រធានភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយជាតិនៅក្នុង តំបន់ Gofa បាននិយាយថា យើងមិនដឹងថាពេលណាការជួយសង្រ្គោះនេះនឹងឈប់នោះទេ។យើងនៅតែជីកកកាយក្នុងបំណាក់ដី ។
ក្រុមមនុស្សកំពុងជីកកកាយក្នុងដីល្បាប់ដោយដៃទទេ ដោយមានសញ្ញាតិចតួចនៃសេវាសង្គ្រោះបន្ទាន់នៅកន្លែងកើតហេតុ។
នាយកដ្ឋានកិច្ចការទំនាក់ទំនងតំបន់ Gofa បាននិយាយថា បុរស ១៤៨នាក់ និងស្ត្រី៨១ នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះក្នុងបំណាក់ដីនេះ៕